(តូក្យូ)៖ រ៉េអាក់ទ័រនុយក្លេអ៊ែទី៣ នៃរោងចក្រ Takahama ជារោងចក្រផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពល​នុយក្លេអ៊ែ បានចាប់ផ្តើមដំណើរការឡើងវិញហើយ នៅថ្ងៃសុក្រម្សិលមិញនេះ នៅតំបន់ភាគខាងលិច ខេត្ត Fukui ប្រទេសជប៉ុន នេះបើតាមសារព័ត៌មាន Asahi ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០១៦នេះ។

វាគឺជារ៉េអាក់ទ័រនុយក្លេអ៊ែ​ទី៣ហើយ ដែលបានបើកដំណើរការ​ឡើងវិញ ដោយស្ថិតនៅក្រោមច្បាប់​សុវត្ថិភាព​យ៉ាងតឹងរឹង បន្ទាប់ពីមានគ្រោះមហន្តរាយ ផ្ទុះរោងចក្រផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពល​នុយក្លេអ៊ែ នៅទីក្រុង Fukushima ក្នុងឆ្នាំ២០១១ ដោយសារគ្រោះ​រលកយក្សស៊ូណាមិ វាយប្រហារ។ រ៉េអាក់ទ័រ នៅក្នុងរោងចក្រ Kansai Electric Power Co. ក៏គ្រោងនឹង​ដំណើរការពាណិជ្ជកម្ម នៅចុងខែកុម្ភៈផងដែរ បន្ទាប់ពីគម្រោង​ប្រតិបត្តិការសាកល្បង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ។ វាក៏ជារ៉េអាក់ទ័រ ប្រើកំដៅព្លុយតានីញ៉ូមលើកដំបូង ដែលនឹងចាប់ផ្តើមដំណើរការឡើងវិញ នៅក្រោមអាជ្ញាធរច្បាប់នុយក្លេអ៊ែថ្មី។ តំបន់នៅជុំវិញឆ្នេរសមុទ្រ Wakasa Bay ជាទីតាំងនៃរោងចក្រផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពល​នុយក្លេអ៊ែ មានផ្ទុកដោយរ៉េអាក់ទ័រចំនួន១៤គ្រឿង ដែលអាចផ្គត់ផ្គង់ថាមពល បម្រើដល់ប្រជាជនប្រមាណ ១៨០,០០០នាក់ ដែលរស់នៅក្នុង១២ក្រុង នៃខេត្ត Fukui, Kyoto និងខេត្ត Shiga៕