(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នារសៀលថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប័ណ្ណប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ និងធ្វើបុណ្យទាននាស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកមន្ត្រីរាជការ ក្នុងឱកាសធ្វើដំណើរទៅភូមិឋាននាស្រុកកំណើត ត្រូវបើកបរដោយប្រុងប្រយ័ត្នខ្ពស់ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ ពិសេសត្រូវអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ក្នុងនាមជាមន្ត្រីរាជការមួយរូប ជាគំរូនៃពលរដ្ឋ។

ជាមួយគ្នានេះ ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ លោកអភិបាលខេត្ត ធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លង នៃមេរោគនេះ ដោយបន្តពាក់ម៉ាស់ រក្សាអនាម័យជាប់ជានិច្ចលាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ពិសេសនៅពេលទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ៕