(ភ្នំពេញ)៖ ក្នុងឱកាសវេនកាន់បិណ្ឌទី១៣នេះ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា និងព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ព្រមទាំងក្រុមគ្រួសារ ដោយអមដំណើរដោយមន្ត្រីរាជការសាលាខណ្ឌទាំង២ ប្រធានផ្សារ និងសាលាសង្កាត់ ទាំង១២សង្កាត់ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់បិណ្ឌវេនទី១៣ នៅវត្តលង្កាដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ គឺធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា និងព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវត្តលង្កា ស្របពេលដែលប្រជាជន ដែលជាពុទ្ធសាសនិកជនទូទាំងខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងចូលរួមសប្បាយ រីករាយប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ជាមួយគ្នានេះ លោក ថេង សុថុល និងលោក ធឹម សំអាន បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផល្លានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឲ្យពរជ័យ ជូនដល់ប្រជាជនទាំងអស់ រស់នៅខណ្ឌចំការមន និងខណ្ឌបឹងកេងកង សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាពស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ៕