(កំពង់ឆ្នាំង)៖ ការប្រព្រឹត្តល្បែងស៊ីសងត្រូវបានសង្គមស្អប់ខ្ពើមជាទីបំផុត ព្រោះល្បែងស៊ីសងគឺនាំមកនូវក្តីវិនាសហិនហោចទ្រព្យសម្បត្តិ និងបង្កភាពក្តៅក្រហាយក្នុងក្រុម គ្រួសារ ពិសេសធ្វើឲ្យមនុស្សចេះលួចឆក់ ប្លន់តាមរយៈការចាញ់ល្បែងនេះទៀតផង ហេតុនេះល្បែងស៊ីសង ល្បែងភ្នាល់ គ្រប់ប្រភេទត្រូវបានច្បាប់ហាមដាច់ខាត មិនឲ្យកើតមាននៅក្នុងប្រទេសកម្ពុជាឡើយ។

ជាក់ស្តែងនៅរសៀលទី១៤ ខែកញ្ញា ឆ្នាំ២០២០ នគរបាលក្រុងកំពង់ឆ្នាំង បានព័ទ្ធចាប់ក្រុមអ្នកញៀនល្បែងស៊ីសង២ទីតាំង តែងតែមកជួបជុំគ្នាលេងជាប្រចាំ មានទីតាំងទី១៖ នៅតាមរោងចាំចំការមាត់ទន្លេ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងមួយកន្លែងទៀតនៅតាមផ្ទះក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជាលទ្ធផលសមត្ថកិច្ចបាននាំខ្លួនអ្នកលេងល្បែង៤នាក់ ដកហូតបៀរ២ហ៊ូរ កម្រាល២ លុយ១៥០០០រៀល ម៉ូតូ៦គ្រឿង។

ករណីនេះសមត្ថកិច្ច បាននាំខ្លួនអ្នកលេងល្បែង៤នាក់ ទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកញៀនល្បែងទាំង៤នាក់ ឱ្យបញ្ឈប់ការលេងល្បែងជាបន្តទៀតហើយ អនុញាតឱ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូ៤គ្រឿងទៀត ដែលម្ចាស់រត់ចោលសមត្ថកិច្ចបានឱ្យម្ចាស់ម៉ូតូមកទទួលយកការអប់រំ និងធ្វើកិច្ចសន្យាសិន និងប្រគល់ម៉ូតូ ឱ្យវិញផងដែរ៕