(តួកគី)៖ រដ្ឋាភិបាលតួកគី នៅមុននេះបន្ដិចបានកោះហៅប្រេសិតរុស្ស៊ីមកសួរនាំ បន្ទាប់ពី​យន្តហោះ​របស់រុស្ស៊ី បានហោះរំលោភដែនអាកាសតួកគីជាថ្មី ខណៈដែល​យោធារុស្ស៊ី បានចេញសញ្ញាព្រមានជាច្រើនដង ប៉ុន្តែ​យន្តហោះរុស្ស៊ីមិនស្តាប់តាមការព្រមានឡើយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែមករា។

ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា ប្រទេសតួកគី បានបញ្ជាក់ថា ពិតជាមានការកោះហៅសំណាក់រដ្ឋាភិបាល​តួកគី​ពិតមែន ប៉ុន្តែមកដល់ពេលនេះគេនៅមិនទាន់ដឹងពីលទ្ធផលយ៉ាងណានោះទេ ខណៈដែលសារព័ត៌មានក្នុងស្រុក​បានរាយការណ៍មកថា យន្តហោះ Russian Su-3 ​បានហោះរំលោភដែនអាកាសតួកគី។

ក្រោយពីកើតមានករណីនេះ រដ្ឋមន្ត្រីការបរទេសតួកគីបានចេញសេចក្ដីប្រកាសមួយថា៖ «នេះជាទង្វើដែល​គ្មាន​ការ​ទទួលខុសត្រូវមួយ។ រុស្ស៊ីគួរតែ​ពិចរណា និង​ទទួលខុសត្រូវ ព្រោះវាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ»។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅនេះ យោធាតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ខណៈដែល​ចេញប្រតិបត្តិការកម្ទេចក្រុម ISIS នៅស៊ីរី ដោយការបាញ់ទម្លាក់នោះ ត្រូវបានតួកគីអះអាងថា មកពីយន្តហោះ​រុស្ស៊ី បានរំលោភដែនអាកាស និងមិនព្រមស្ដាប់តាមការព្រមាន៕