(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ និងថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្រ្តីរាជការនៃការិយាល័យចំណុះជំនាញ បុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងកងកម្លាំងប្រជាការពារខណ្ឌ មុនពិធីបុណ្យភ្ជុំបិណ្ឌ។

ពិធីជួបសំណេះសំណាលនេះក្រោមអធិបតីភាពលោកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយមានសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្រ្តីរាជការនៃការិយាល័យចំណុះជំនាញ បុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងកងកម្លាំងប្រជាការពារខណ្ឌ ចូលរួមប្រមាណជិត៥០០នាក់ ។

មានមតិសំណេះសំណាលជាមួយមន្រ្តីនាឱកាសនោះលោក ចេង មុនីរ៉ា បានលើកឡើងដោយថ្លែងកោតសរសើរមិនដាច់ពីមាត់ទៅដល់មន្រ្តីរាជការ នៃសាលាខណ្ឌទាំងអស់ ដែលបានខិតខំរួមដៃគ្នាបំពេញការងារទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានខណ្ឌ នៅពេលពួកគាត់មកទំនាក់ទំនងការងារ និងមកទទួលនូវសេវាពីសាលាខណ្ឌច្បារអំពៅ នាសព្វថ្ងៃនេះ ហើយលើសពីនេះទៀត កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌ ប៉េអឹមខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ បានរួមដៃគ្នាដោយចុះសហការគ្នាក្នុងការបំពេញការងារដោយមិនគិតពីការនឿយហត់ ឬក្ដៅត្រជាក់ ក្រោមភ្លៀងរលឹមអ្វីឡើយ ដើម្បីបម្រើប្រជាជន រក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនដល់ពួកគាត់ដោយរស់នៅក្នុងភាពកក់ក្ដៅភាពសុខសាន្តជានិច្ច។

លោក ចេង មុនីរ៉ា បានក្រើនរំឮកដល់មន្រ្តី និងកងកម្លាំងទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឱ្យបន្តនូវវប្បធម៌ការងារដ៏សកម្មផុលផុសរបស់ខ្លួនបន្តទៀត ដើម្បីបម្រើជូនបងប្អូនប្រជាជន និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពួកគាត់អោយស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពផងដែរ។

លោក ចេង មុនីរ៉ា បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីសង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈតាមវត្ត, តាមទីសាធារណៈ, ការសំរួលចរាចរ និងលើកកំពស់ ការប្រុងប្រយត្ន័ពីគ្រោះអគ្គីភ័យ។ លោកអភិបាលបានថ្លែងថា ក្នុងរយៈពេល៣ថ្ងៃ នៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត គឺបងប្អូនផ្ញើផ្ទះសម្បែងជាមួយអាជ្ញាធររបស់យើងជួយមើលផ្ទះឱ្យបងប្អូនផង។

ជាមួយគ្នានោះដែរលោក ចេង មុនីរ៉ា ក៏បានផ្ដល់នូវថវិកាលើកទឹកចិត្តជូនដល់មន្រ្តីរាជការ កងកម្លាំងទាំងអស់ នាឱកាសពីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ដែលប្រព្រឹត្តទៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ទុកធ្វើជាហ៊ុយទៅលេងឯស្រុកកំណើតរបស់ខ្លួន ដោយជួបជុំក្រុមគ្រួសាររៀងៗ នាកាសបុណ្យភ្ជុំបិណ្ឌនេះ។

ព្រមជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ ក៏បានជូនពរឱ្យការធ្វើដំណើរនៅពេលទៅលេងឯស្រុកកំណើត និងពេលវិលត្រឡប់មកបំពេញការងារវិញ ក្រោយបុណ្យភ្ជុំបិណ្ឌឱ្យប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្ នាហើយសូមការធ្វើដំណើរតាមដងផ្លូវចូរគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ពោលគឺជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកឡានត្រូវពាក់ខ្សែក្រវ៉ាត់ គឺការពារប្រសើរជាងព្យាបាលសុវត្តិភាពជាចម្បង៕