(កំពង់ឆ្នាំង)៖ បុរសជាអ្នករត់ផាសអេប (pass app) ពីរនាក់ ត្រូវបានស្រីស្នេហ៍ដាក់ថ្នាំសណ្តំ លួចយកសម្ភារៈ និងលុយកាក់អស់ ខណៈកំពុងផឹកស៊ីក្នុងហាងមួយកន្លែងដែលមានយីហោ (ជំនោរដីថ្មី) កាលពីវេលាម៉ោង៦៖០០នាទីល្ងាច នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស២នាក់ទី១៖ ឈ្មោះ នាងសុខ អាយុ៥០ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងទី២៖ ឈ្មោះ ឈឿង ឈាង អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ មានមុខរបររត់ម៉ូតូផាសអេប (pass app) បានចាញ់បោកសម្រស់ស្រីស្អាត២នាក់ ដោយបានបបួលគ្នាណាត់ផឹកស៊ីយ៉ាងស្អិតរមួត នៅក្នុងហាងចំណុចខាងលើ ដោយផឹកស្រាបៀរ (ABC ) អស់ជិតកន្លះកេះ តាំងពីម៉ោង១១៖៣០នាទីថ្ងៃត្រង់ រហូតដល់ល្ងាច។

ក្នុងពេលផឹកស៊ីស្រីស្អាតទាំង២ បានបន្លំដាក់ថ្នាំសណ្តំក្នុងកែវស្រាបៀ ធ្វើឱ្យបុរសទាំង២នាក់សន្លប់ ទើបស្ត្រីជើងល្អទាំងពីរនាក់នោះ ដោះយកចិញ្ចៀនមាស៥ជី និងលុយ៤០ ម៉ឺនរៀល រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះរហូតដល់ម៉ោង ១៨ល្ងាច ទើបម្ចាស់ហាងចូលមក ហើយបានឃើញបុរសម្នាក់ដេកសន្លប់ហាក់មិនដឹងខ្លួន និងបុរសម្នាក់ទៀតដឹងខ្លួន តែនិយាយមិនកើត បានត្រឹមតែគ្រវីក្បាលដូចស្រាំងទិច ពេលឃើញសភាពដូច្នេះ ម្ចាស់ហាងក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែស្រីស្អាតទាំង២នាក់ មិនដឹងជាទៅដល់ណាបាត់ទៅហើយ។

តាមសភាពជាក់ស្តែងបុរសទាំងពីរនាក់ ដែលត្រូវថ្នាំសណ្តំរបស់ស្រីស្អាតខាងលើនេះផងដែរ សមត្ថកិច្ចនគរបាល ក៏សូមផ្ដាំផ្ញើទៅដល់បងប្អូនជាអ្នកមានមុខរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី ផាសអេប ក៏ដូចជាអ្នករត់រថយន្តតាក់ស៊ីទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនាំឱ្យមានគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ដល់ អាយុជីវិត ដោយការធ្វេសប្រហែសរបស់បងប្អូន៕