(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ជំទាស់ និងថ្កោលទោសចំពោះវិធានការរបស់ សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group របស់ចិន ដែលកំពុងវិនិយោគនៅក្នុងទឹកដីប្រទេសកម្ពុជា។ ស្ថានទូតចិនបានចាត់ទុកថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុង លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ។

ប្រតិកម្មរបស់ស្ថានទូតចិន បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើគម្រោងរបស់ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និងបទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «ដូចដែលយើងបានដឹងហើយថា តំបន់សាកល្បងការវិនិយោគអភិវឌ្ឍចម្រុះ និង គម្រោងតំបន់ពិសេសទេសចរណ៍លំហែកាយ DARA SAKOR នៅកម្ពុជា ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាគម្រោងចម្រុះខ្នាតធំដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលជាក្រុមហ៊ុនក្រោមសម្ព័ន្ធ Tianjin Union Group ដែលជាសហគ្រាសឯកជនរបស់ចិន។ គម្រោងនេះបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា ហើយបានចូលរួមចំណែកក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា»

អ្នកនាំពាក្យស្ថានទូតចិន បានបន្តទៀតថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល បានប្រើច្បាប់ក្នុងប្រទេសខ្លួន មកដាក់ទណ្ឌកម្មលើគម្រោងរបស់សហគ្រាសចិនក្នុងទឹកដី ប្រទេសកម្ពុជា នេះគឺជាសកម្មភាពដែលប្រើអំណាចកៀបសង្កត់ជាខ្លាំង។ ការកៀបសង្កត់របស់សហរដ្ឋអាមេរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិនក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់ របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ»

ស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើការជំទាស់ និងថ្កោលទោសជាដាច់ខាតចំពោះទង្វើមួយនេះ ហើយទទូចដល់ភាគីសហរដ្ឋអាមេរិកកែប្រែវិធីសាស្រ្តខុសមួយនេះជាបន្ទាន់ និងដកទណ្ឌកម្មសម្រេចទាំងស្រុងរបស់ខ្លួនផងដែរ៕