(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតចូលរួមសម្តែងការសាទរចំពោះ ទិវាសន្តិភាពអន្តរជាតិ លើកទី៧៥ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»

ក្នុងសារលិខិតដែល Fresh News ទទួលបាន សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា មហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន មិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិតនោះថា អស់រយៈពេល ៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស បានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ា នយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។

សម្តេចឲបន្តថា «សមិទ្ធផលធំធេងអស្ចារ្យដែលកម្ពុជាទទួលបាននេះ មិនដែលទទួលនូវការសាទរ ឬសរសើរពីមហាអំណាច និងប្រទេសលោកខាងលិចខ្លះ ដែលមានរបៀបវារៈ នយោបាយតែមួយគត់ គឺទាញកម្ពុជាឱ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត»

បើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាយល់ច្បាស់ថា ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការលើកកម្ពស់នីតិរដ្ឋ នឹងនាំមកនូវសុខសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងយុត្តិធម៌សង្គមជានិរន្ត និងជាការរួមចំណែកដ៏មានសារៈសំខាន់ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។ តែយើងក៏ត្រូវតែចងចាំដែរថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថិរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។

«បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ផ្លូវទៅមុខនឹងនៅតែជួបប្រទះឧបសគ្គជាច្រើនទៀត ប៉ុន្តែគ្មានឧបសគ្គណាដែអាចមករារាំងដំណើរ របស់ជាតិយើងបានឡើយ ឱ្យតែយើងរក្សាបាននូវការឯកភាពនិងសាមគ្គីភាពជាតិ ប្តេជ្ញាដាច់ខាត ការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាក ឱ្យនៅស្ថិតស្ថិរ រឹងមាំ គង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្ដី»។ នេះជាការបញ្ជាក់បន្ថែម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចក៏បានសម្ដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលបានធ្វើពលិកម្មទាំងកម្លាំងកាយ ចិត្តចូលរួមដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការលើកស្ទួយអធិបតេយ្យជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។ ព្រមជាមួយនេះ សម្តេចបានអំណរគុណជាអនេកប្បការផងដែរ ចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការ អន្តរជាតិនានា ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍រៀងរហូតមក ហើយដែលកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖