(ពោធិ៍សាត់)៖ ដោយសារទឹកជំនន់វាយប្រហារ បានបណ្ដាលឲ្យស្ពានកំពង់ល្វា ដែលជាប្រភេទស្ពានឈើ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រលំបាក់ខ្ទេចទាំងស្រុង នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមវីដេអូដែលថតដោយប្រជាពលរដ្ឋនៅមូលដ្ឋាន បានបង្ហាញថា ដោយសារស្ថានភាពទឹកហូរយ៉ាងគំហុកខ្លាំងពេក ទើបមិនអាចឲ្យស្ពានទ្រាំទ្របាន ទើបរលំបាក់តែម្ដង។ បើតាមប្រជាពលរដ្ឋ ស្ពាននេះសាងសង់ឡើងដោយ ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកភ្នំក្រវាញ ដើម្បីបង្កឲ្យលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កំពុងដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យស្ថានភាពស្ពានដែលបាក់រលំ និងរកមធ្យោបាយដើម្បីស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន គ្រាដែលទឹកជំនន់កំពុងកើនឡើង។

សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ កំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងខ្លាំងជាបន្ដបន្ទាប់។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីការជះឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) មកលើប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ និងមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់នឹងមាត់សមុទ្រ ដែលក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរ កំពុងយាយីពីជំនន់ទឹកភ្លៀង៕