(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៨១ខ្នង នៅស្រុកសាលាក្រៅ។

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ មានការចូលរួមពីលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន, លោកឧត្តមសេនីត្រី វ៉ាន់ ណាទ្បុង មេបញ្ជារការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមន្ត្រីរាជការជុំវិញខេត្ត មួយចំនួនផងដែរ។

ជំនន់ទឹកភ្លៀងនេះ បានឡើងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ទំនាបរងនៅទឹកជំនន់ទឹកភ្លៀងលំនៅដ្ឋានមួយចំនួនជន់លិច និងដំណាំមានដូចជា៖ ដំទ្បូងមី ពោធ សណ្តែក ត្រសក់ មៀន ដំណាំរួមផ្សំផ្សេងៗទៀតស្ថិតនៅក្នុងភូមិចំនួន៥ភូមិ គឺភូមិទំនប់ ចំនួន៤ខ្នងផ្ទះ, ភូមិកូនដំរី ចំនួន១៣ខ្នងផ្ទះ, ភូមិផ្ទះស្បូវ ចំនួន ៣៤ខ្នងផ្ទះ, ភូមិព្រៃសន្ទះចំនួន២១ខ្នងផ្ទះ និងភូមិអូរដូនតាលើ ចំនួន៩ខ្នង ដែលស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានអំពាវនាវឱ្យបងប្អូនថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះមានភ្លៀងធ្លាក់ជោគជាំ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិស ជាពិសេសសូមអាណាព្យាបាលមើលថែរក្សាកុមាតូចៗឱ្យបានជាប់លាប់ កុំឱ្យចុះលេងទឹកដែលកំពុងតែជន់ឡើងដែលអាបង្កឱ្យគ្រោះណាមួយជាយថាហេតុ៕