(ប៉ៃលិន)៖ បន្ទាប់ពីភ្លៀងធ្លាក់នៅផ្នែកខាងលើខ្លាំង ប៉ុន្មានថ្ងៃជាប់ៗគ្នានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ចេង ញ៉ាន់ និងលោក ហុក សុផល អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញចុះពនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រៀមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលដរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើន នៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលបណ្តាលទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត មានសភាពឡើងខុសប្រក្រតី បានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ៨១ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន ២៧ខ្នង ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

គួរបញ្ជាក់ថា៖ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕