(ហ្សឺណែវ, ស្វីស)៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់រូប និងផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះការចូលរួមយ៉ាងសកម្មរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។

លោក អាន សុខខឿន បានគូសបញ្ជាក់បែបនេះ ក្នុងសម័យប្រជុំលើកទី៤៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយពិភាក្សាទៅលើរបាយការណ៍បច្ចុប្បន្នភាពរបស់លោកស្រី លោកស្រី មីស្យែល បាស្យេឡេត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។

ក្នុងបទអន្តរាគមន៍នេះ លោក អាន សុខខឿន បានលើកបង្ហាញពីកិច្ចសហការយ៉ាងខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីការងារសិទ្ធិមនុស្សនៅកម្ពុជា ទោះបីកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយនោះ។

លោក អាន សុខខឿន បានរំលឹកថា កាលពីខែសីហា កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់កម្ពុជាមកពីក្រសួងចំនួន៦ បានជួបពិភាក្សាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាមួយអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក រ៉ូណា ស្មីត តាមរយៈប្រព័ន្ធវីដេអូ។ កម្ពុជា ក៏បានឯកភាពលើសំណើសុំទស្សនកិច្ចនៅកម្ពុជា របស់អ្នកជំនាញឯករាជ្យទទួលបន្ទុកកិច្ចការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើង ដែលគ្រោងនឹងរៀបចំនៅឆ្នាំក្រោយផងដែរ។

តំណាងរបស់កម្ពុជារូបនេះបន្ថែមថា ប្រទេសកម្ពុជាគោរពផ្តល់តម្លៃដល់ពហុយោបល់ រួមទាំងទស្សនៈរិះគន់ ដែលអនុលោមតាមច្បាប់។ កាលពីដើមខែកញ្ញានេះ អតីតអ្នកនយោបាយប្រឆាំងលេចធ្លោមួយចំនួនទៀត បានទទួលនូវសិទ្ធិធ្វើនយោបាយឡើងវិញ ដែលធ្វើឱ្យចំនួនសរុបកើនដល់១២រូប។ នេះបញ្ជាក់ឱ្យឃើញអំពីលំហនយោបាយបើកទូលាយសម្រាប់ទស្សនៈផ្ទុយពីរដ្ឋាភិបាល នៅប្រទេសកម្ពុជា។

បន្ថែមពីលើនោះអតីតសមាជិកបក្សប្រឆាំងជាច្រើនរូបទៀតក៏មានបំណងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញដែរ ប៉ុន្តែពួកគាត់ត្រូវបានរាំងខ្ទប់ដោយថ្នាក់ដឹកនាំខ្លួន ដែលបានប្រកាសជាសាធារណៈចាត់ទុកបុគ្គលដែលហ៊ានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជា «ជនក្បត់»។

តាមរយៈបទអន្តរាគមន៍លើរបៀបវារៈសិទ្ធិមនុស្ស លោក អាន សុខខឿន ក៏បានលើកទឹកចិត្តឧត្តមស្នងការស្តាប់កង្វល់របស់រដ្ឋាភិបាលគ្រប់ពេលមុនការធ្វើសន្និដ្ឋានលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោក អាន សុខខឿន បានសង្កត់ធ្ងន់ថា កិច្ចសន្ទនាប្រកបដោយអត្ថន័យជាមួយរដ្ឋាភិបាលមុនពេលធ្វើការសន្និដ្ឋានប្រញាប់ប្រញាល់ណាមួយពិតជានឹងជួយលើកតម្កើងនូវបុព្វហេតុរួមក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ ក៏បានអំពាវនាវឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងការប្រុងប្រយ័ត្នឱ្យបានច្រើនជាងមុនបន្ថែមទៀត ក្នុងការវាយតម្លៃលើរាល់អំណះអំណាងណាមួយ ប្រសិនបើចង់រក្សាបាននូវភាពជឿទុកចិត្ត និងរក្សានូវស្ដង់ដារខ្ពស់បំផុត នៃកត្តាសត្យានុម័ត និងសុចរិតភាពនៃយន្តការសិទ្ធិមនុស្ស៕