(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោកសហការគ្នា ដើម្បីធ្វើការស្ដារប្រឡាយមេ នៅមុខស្ថានីយ៍បូមទឹកទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រហូតដល់អនុស្ថានីយ៍អគ្គិសនីបឹងកក់១ ដើម្បីនាំទឹកឲ្យបានលឿន ដើម្បីចៀសវាងនូវការលិចលង់នៅតំបន់បឹងកក់នេះ។

ការណែនាំនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ចុះពិនិត្យមើលស្ថានភាពលូ និងប្រឡាយដែលទទួលរងការលិចលង់ដោយទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយ និងលូមេ តភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវប្រើគ្រឿងចក្រ និងសាឡង់២គ្រឿង ដើម្បីស្តារយកភក់ចេញពីបាតប្រឡាយ ពោលគឺសាឡង់មួយគ្រឿង ត្រូវចាប់ស្តារពីមុខស្ថានីយ និងមួយគ្រឿងទៀតផ្តើមស្តារចេញពីទីតាំងអគារអនុស្ថានីយអគ្គីសនីកម្ពុជាបឹងកក់១ មកកាន់ស្ថានីយ៍បូមទឹកទួលគោកនេះដែរ។ ចំណែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌជាអ្នកដោះស្រាយ ធ្វើយ៉ាងណាការអនុវត្តគម្រោង នៃការស្ដារប្រឡាយនេះឲ្យបានរួចរាល់ក្នុងរយៈពេល ៣ខែខាងមុខ។

ក្រៅពីការជំរុញឲ្យមានការស្ដារ ប្រឡាយខាងលើនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យដាក់ប្រព័ន្ធលូទំហំ០២ម៉ែត្រ នៅលើបណ្ដោយផ្លូវ២៨៣ ក្នុងសង្កាត់បឹងកក់ទី១នេះផងដែរ ដើម្បីជំរុញឲ្យទឹកហូរបានលឿនចូលទៅកាន់ស្ថានីយទួលគោកទី២នេះ។

ដោយឡែកចំពោះ ការបុកស៊ីផាយនៅប្រឡាយបឹងត្របែកវិញ អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះឲ្យបានលឿន ចំណែករដ្ឋបាលរាជធានី និងសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីបាន ស.ជ.ណ ក្នុងការរក្សាទុកអាងស្តុកទឹកបឹងត្របែកនេះក្នុងទំហំ ១២ហិកតា។

ពាក់ព័ន្ធនឹងបញ្ហាប្រឡាយលូនេះដែរ លោក ឃួង ស្រេង ក៏បានណែនាំ និងជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូទាំងអស់ នៅក្នុងតំបន់បឹងកក់នេះ ដើម្បីរកមូលហេតុ នៃការលិចលង់ឲ្យឃើញ យើងឈានទៅរកការដោះស្រាយធ្វើយ៉ាងណាកុំឲ្យលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕