(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀតថា កំពង់ផែរាមជាកំពង់ផែយោធា របស់កម្ពុជា ដែលមិនមែនជាកំពង់ផែអន្តរជាតិសម្រាប់ដឹកទំនិញចេញចូលនោះទេ ហើយប្រសិនបើប្រទេសណាមួយចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជាជាមុនសិន។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់កម្ពុជាជាបន្តបន្ទាប់ថា បានប្រគល់មូលដ្ឋានទ័ពជើងទឹករាម ឱ្យទៅចិនគ្រប់គ្រង។ ជាមួយគ្នានេះ កាលពីម្សិលមិញ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោកចែត រ៉ុចឌូម៊ែរ (Chad Roedemeier) បានលើកឡើងថា កម្ពុជាគួរតែឲ្យមានប្រទេសជាដៃគូកម្ពុជាចូលទៅមូលដ្ឋានកងទ័ពជើងទឹករាម មិនគួរឲ្យមានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងផ្តាច់មុខ និងជាអចិន្ត្រៃយ៍នៅមូលដ្ឋានកងទ័ពជើងទឹកនោះទេ។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណសម្បត្តិរបស់ចិន ក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងប្រទេសកម្ពុជាជាថ្មីម្តងទៀត។ ជាមួួយគ្នានេះ សម្តេចបានចោទជាសំណួរថា «បើចិនមិនលូកដៃចូលជួយ តើនរណាជួយ?»។
សម្តេចថ្លែងថា ប៉ុន្មានថ្ងៃមកនេះ មានការចោទកម្ពុជាប្រគល់កំពង់ផែរាមឱ្យចិនប្រើប្រាស់ផ្តាច់មុខទៀត ដែលបង្ខំចិត្តឱ្យសម្តេចត្រូវចាក់ផ្សាយនូវអ្វីដែលសម្តេចនិយាយនៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០។ ប្រសាសន៍នេះ ត្រូវបានបកជាភាសាអង់គ្លេស ព្រមទាំងផ្ញើទៅតាមបណ្តាទូតនានា ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ថែមទៀត។
ពាក់ព័ន្ធនឹងកំពង់ផែរាមនេះ សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងអាចឱ្យចូលនៃនាវាប្រទេសច្រើន កំពង់ផែអន្តរជាតិដូចកំពង់ផែដឹកទំនិញ យើងមានកំពង់ផែយោធាអាហ្នឹងកំពង់ផែចម្បាំង អញ្ចឹងត្រូវសុំការអនុញ្ញាត មិនមែនគ្រាន់តែចិនមួយមានសិទ្ធិប្រើប្រាស់នោះទេ ប្រទេសដទៃដែលសុំការអនុញ្ញាត មកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា យើងស្វាគមន៍ៗ»។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់រួចហើយថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ មិនអនុញ្ញាឱ្យមានទីតាំងយោធាបរទេសនៅក្នុងទីតាំងទឹកដីរបស់ខ្លួន ហើយក៏មិនបោះទីតាំងយោធារបស់យើងលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្តេចក៏បានបញ្ជាក់បន្ថែមថា មូលដ្ឋានជើងទឹករាមស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួន មកស្នើសុំចត ឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា មិនមែនធ្វើជាមួយតែចិនទេ អាមេរិកចង់ធ្វើក៏សូមអញ្ជើញ បារាំងចង់ធ្វើក៏សូមអញ្ជើញ កាណាដាចង់ធ្វើក៏អញ្ជើញ អង់គ្លេសចង់ធ្វើក៏មក ជប៉ុនចង់ធ្វើក៏មក អូស្ត្រាលីចង់ធ្វើក៏មកបាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនសារ៣ចំណុចទៅដល់ដៃគូបរទេសទាំងអស់ថា៖
ទី១៖ បើអ្នកចង់ចូលរួមអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ កំពង់ផែយោធាសុំបរិច្ចាគចូលរួម។ យើងផ្តល់លទ្ធភាពឱ្យចូលរួម ទាំងទីកន្លែងគណៈកម្មាធិការលំហសមុទ្រ ដែលថាជួយហើយប៉ុន្តែយើងមិនយក ប៉ុន្តែត្រូវការដូរទីតាំង។ ឥឡូវរវាងទីតាំងចាស់ និងទីតាំងថ្មីវាអត់ខុសគ្នាទេ ព្រោះហ្នឹងជាផែនការមេ របស់យើង។
ទី២៖ យើងនឹងកសាងតំបន់ជួសជុល និងចត រាប់ទាំងនាវាបរទេសដែលខូចចូលមក យើងជួយជួស ជុលយើងអនុញ្ញាតឱ្យកន្លែងយើងជួសជុល មិនមែនបរទេសសំដៅទៅលើតែចិនមួយទេ។
ទី៣៖ ពីថ្ងៃនេះទៅមិនមែនចាំដល់អាហ្នឹងសាងសង់ហើយទេ ពីពេលហ្នឹងទៅអ្នកណាចង់មកក៏សូមអញ្ជើញមក ហើយសហការរួមគ្នាល្បាតសមុទ្រប្រឆាំងភេរវកម្ម ប្រឆាំងពួកជួញដូរមនុស្ស ប្រឆាំងពួក ជួញដូរគ្រឿងញៀន រត់ពន្ធខុសច្បាប់ និងធ្វើសមយុទ្ធជើងទឹកទៅ។ បើឡើងធ្វើសមយុទ្ធគ្រប់គ្រង គ្រោះមហន្តរាយ ទាំងក្នុងទឹកក៏អាចធ្វើសមយុទ្ធគ្រោះមហន្តរាយបានដែរ។ ខ្ញុំចង់បានតែពីរទេ សមយុទ្ធប្រឆាំងភេរវកម្ម និងសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំមិនចង់ធ្វើសមយុទ្ធក្នុងការធ្វើវាយកម្ទេចសត្រូវទេ។ អ៊ីចឹងប្រហែលជាច្បាស់លាស់ជាមួយគ្នាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ចេញពីក្រុងព្រះសីហនុ។ យើងគួរយល់គ្នាហើយ តើចិនមានផលប្រយោជន៍អ្វីទៅដែលចិនត្រូវយកនាវាជើងទឹករបស់ខ្លួនមកដាក់នៅកំពង់សោម នៅពេលដែលនាវានៅសមុទ្រចិនខាងត្បូងស្រាប់ទៅហើយ។ តើចិនមានត្រូវការយកមកដាក់នៅក្នុងប្រទេសថៃ ឥឡូវចោទទាំងភូមាទៀត ថាកំពង់ផែភូមានឹងក្លាយទៅជា កំពង់ផែ ដែលចិនយកកងទ័ពទៅដាក់ទៀតហើយ។ ពីមុនថាតារាសាគរនឹងទៅជា កំពង់ផែលួចលាក់របស់ចិន ទាំងកំពង់ផែ និងព្រលានយន្តហោះផង ឥឡូវចូល មកដល់កំពង់សោម ប៉ុន្មានថ្ងៃមុនចូលដល់កោះរុងទៀតហើយ។ ព្រលានយន្តហោះកោះរុងនឹងប្រើប្រាស់ ដោយចិនទៀត។ ចុះហេតុអីបានអស់លោកចូលចិត្តលាបពណ៌។
ពាក់ព័ន្ធនឹងអគារហ្វឹកហ្វឺន របស់មជ្ឈមណ្ឌលលំហសមុទ្រ ដែលបានខ្ចីទីតាំងរបស់មូលដ្ឋានកងទ័ពជើងទឹករាម ហើយដែលអាមេរិកបានចោទប្រកាន់កម្ពុជាថា វាយកម្ទេចចោលដោយសារតែចង់ផ្គាប់ចិត្តចិនវិញនោះ ត្រូវបានសម្តេចបញ្ជាក់ថា កម្ពុជាសិក្សាទៅឃើញថាមិនត្រូវធ្វើកន្លែងហ្នឹងទេ មជ្ឈមណ្ឌលលំហសមុទ្រគេយកទៅធ្វើកន្លែងផ្សេង ហើយបើខ្លួនចង់ផ្តល់ជំនួយ ផ្តល់ទៅកន្លែងរៀបចំធ្វើតែម្ដងទៅឱ្យវាឆាប់ចប់រឿង៕