(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានបកស្រាយថា ការដែលវិទ្យុបម្រើបរទេសអាស៉ីសេរី (RFA) យកទស្សនៈអ្នកវិភាគមកចោទប្រកាន់ថា លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ជាប់ទោសដោយសារការបែងចែកប្រយោជន៍មិនស្នើគ្នា ជាមួយមន្ត្រីក្រសួងការបរទេស គឺជារឿងល្ងង់ខ្លៅសុទ្ធសាធ។
ការបំភ្លឺរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក ហេង រស្មី អ្នកព័ត៌មានរបស់វិទ្យុអាស៉ីសេរី សួរសំណួរមិនសមហេតុផលមួយចំនួន ពាក់ព័ន្ធនឹងករណីរបស់ឈ្មោះ គ្រុយ លឹមហេង។ អ្នកធ្វើការឲ្យវិទ្យុបម្រើបរទេសរូបនេះ បានដាក់សំណួរទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ដោយលើកយកទស្សនៈរបស់អ្នកវិភាគថា ឈ្មោះ គ្រុយ លឹមហេង ជាប់ទោសដោយសារតែការបែងចែកប្រយោជន៍មិនស្មើគ្នា រឿងបញ្ហាពុករលួយជាមួយមន្ត្រីជាន់ខ្ពស់ នៅក្រសួងការបរទេស ដែលដោយសារតែកុងស៊ុលកម្ពុជា ប្រចាំខេត្តយូណាន ជាស្ថាប័នមួយរកចំណូលចូលក្រសួងការបរទេស។ អ្នកវិភាគគ្មានប្រភពនោះ និយាយថា ចំណូលទាំងនោះ បានមកពីការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ចេញលិខិតឆ្លងដែនការបរទេសខ្មែរដល់ពលរដ្ឋចិន និងការរត់ពន្ធមនុស្សជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា ការដែលវិទ្យុអាស៉ីសេរី យកទស្សនៈរបស់អ្នកវិភាគមកសួរផ្តេសផ្តាស គឺជារឿងល្ងង់ខ្លៅ។ លោករៀបរាប់ថា រឿងនេះកើតចេញពីការរកឃើញថា មានការបាត់ visa stickers ហើយមានការចោទប្រកាន់គ្នាទៅវិញទៅមក រវាងអ្នកទទួលខុសត្រូវនៅក្នុងស្ថានអគ្គកុងស៊ុលនោះ។ ដើម្បីរកមូលហេតុ និងអ្នកដែលទទួលខុសត្រូវពិតប្រាកដ ក្រសួងក៏សម្រេចបើកការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ។ ដោយការស៊ើបអង្កេតផ្ទៃក្នុង មិនអាចវែកញែករកឃើញយុត្តធម៌នោះបាន ក៏ករណីនេះត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទើបរឿងឡើងដល់តុលាការ ហើយក៏មានដីកាសម្រេចបែបនេះក្រោយស៉ើបអង្កេតចប់។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះសំនួររបស់ លោក រស្មី ត្រូវញែករឿងជា២ រួមមាន៖
* ទីមួយ៖ ខ្លឹមសារនៃអ្វីដែលហៅថា ការលើកឡើងរបស់អ្នកវិភាគ ធាតុពិតជាការចោទប្រកាន់ និងសំអុយឈ្មោះទៅវិញទេ ហើយជាការចោទប្រកាន់ធ្ងន់ធ្ងរ ព្រោះប៉ះពាល់ដល់កិត្តិយស កិត្យានុភាពប្រទេសយើង។ បើដូច្នេះ អ្នកដែលតាំងខ្លួនជាអ្នកវិភាគ ត្រូវហ៊ានចេញមុខបកស្រាយ ផ្តល់ភស្តុតាង ការពារអំណះអំណាងរបស់ខ្លួន ព្រោះការចោទប្រកាន់របស់គាត់ ជាការបង្ខូចឈ្មោះស្ថាប័នរាជរដ្ឋាភិបាល។
* ទីពីរ៖ ខ្ញុំត្រូវបកស្រាយចំពោះពាក្យចោទប្រកាន់ទាំងនោះ ដែលប្រមាថដល់ស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរ តែដោយល្ងង់ខ្លៅ ដូចតទៅ៖
១៖ ចំណូលដែលបានមកពីស្ថានកុងស៊ុលនានា គឺសឹងតែទាំងស្រុង ជាចំណូលពីការបង់ថ្លៃទិដ្ឋាកាពីសំណាក់ភ្ញៀវបរទេស។ ចំណូលនេះ ត្រូវបានផ្ទៀងផ្ទាត់ និងបង្វែរមកក្រសួង ហើយបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមពេលវេលាកំណត់ជាទៀងទាត់។ ភាពហ្មត់ចត់ ក្នុងការផ្ទៀងផ្ទាត់នេះហើយ ទើបនាំដល់ការរកឃើញការបាត់ visa stickers កន្លងទៅនេះ។
២៖ ស្ថានទូត ស្ថានអគ្គកុងស៊ុលយើងទាំងអស់នៅបរទេស មិនមានចេញលិខិតឆ្លងដែនទេ។ ក្រសួងមិនផ្តល់លិខិត និងឧបករណ៍ ឲ្យស្ថានបេសកកម្មយើងនៅក្រៅប្រទេសនោះ សម្រាប់ចេញលិខិតឆ្លងដែននោះទេ ទោះប្រភេទណាក៏ដោយ។ ហេតុនេះ ការចោទថាស្ថានអគ្គកុងស៊ុល ចេញលិខិតឆ្លងដែនឲ្យបរទេស គឺជាការបកអាក្រាតភាពល្ងង់ខ្លៅ នៃអ្នកចោទទៅវិញទេ។
៣៖ ការចោទថា ស្ថានអគ្គកុងស៊ុលរកចំណូល តាមរយៈការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ដោយគ្មានបង្ហាញភស្ថុតាងអ្វីទាំងអស់នោះ គឺជាការបង្ខូចឈ្មោះ មួលបង្កាច់ទាំងស្រុង។ ម៉្យាងទៀត ក៏ជាការមើលងាយដល់សមត្ថកិច្ច នៃអាជ្ញាធររដ្ឋម្ចាស់ផ្ទះយ៉ាងងងើលដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា «ចំពោះការរត់ពន្ធមនុស្ស វាជាបញ្ហាដែលកើតមានសម្រាប់គ្រប់ប្រទេសនៅលើលោក។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្ថានទូត ស្ថានអគ្គកុងស៊ុលខ្មែរយើងទាំងអស់ មិនមែនជាអ្នកប្រព្រឹត្តជំនួញទុច្ចរិតនេះទេ តែស្ថាប័នយើង ជាអ្នកជួយទប់ស្កាត់ឧក្រិដ្ឋកម្មនេះ និងជួយសង្គ្រោះអ្នកដែលរងគ្រោះទៅវិញទេ។ ការការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើងនៅក្រៅប្រទេស គឺជាភារកិច្ចស្នូល និងសំខាន់បំផុត នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ លោក គ្រុយ លឹមហេង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។ លោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីអំឡុងចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយពីពករដ្ឋដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ តុលាការបានចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួនរូបលោក ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖
* ទី១៖ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត
* ទី២៖ បទរំលោភអំណាច
* ទី៣៖ បទវីតិក្រម (យកលុយលើសការកំណត់)
* ទី៤៖ បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)៕