(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំទៅអភិបាលរាជធានី ខេត្ត ឱ្យបិទការធ្វើចរាចរណ៍នៅលើផ្លូវដែលមានទឹកលិចខ្លាំង ដើម្បីការពារគ្រឿងថ្នាក់ចរាចរណ៍ និងការនាំឱ្យខូចផ្លូវធ្ងន់ធ្ងរ។
ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងផ្នែកខ្លះក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងសារណែនាំចែកចាយតាមបណ្តាញសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានណែនាំដូច្នេះ «នៅកន្លែងណាក៏ដោយសូមអភិបាលរាជធានី ខេត្ត ប្រសិនណាជាលិច ហើយមើលផ្លូវមិនឃើញអាចថា ៣-៤ តឹកឡើង។ អាហ្នឹងសូមឱ្យបិទចរាចរណ៍កុំឱ្យធ្វើដំណើរ ព្រោះវាមានហានិភ័យពីរយ៉ាង ទី១ គឺជីវិតមនុស្សអាហ្នឹងធំណាស់ ហើយទី២ទៀត វាខូចផ្លូវថែម»។
ជាមួយនឹងការណែនាំនេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះរារាំង និងហាមឃាត់រថយន្តធុនធ្ងន់មិនឱ្យធ្វើចរាចរណ៍ឆ្លងផ្លូវដែលលិច ខណៈរថយន្តធុនស្រាលអនុញ្ញាតឱ្យធ្វើចរាចរណ៍ធម្មតា។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បាននិងកំពុងបង្កការគំរាមកំហែងខ្លាំងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។ តាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានជន់លិចកាន់តែខ្លាំងនៅក្នុងក្រុងពោធិ៍សាត់ និងតាមតំបន់ទំនៀបនៅក្នុងស្រុកមួយចំនួនទៀតដូចជាវាលវែង និងកណ្តៀងជាដើម។ ដោយឡែកនៅក្នុងខេត្តបាត់ដំបង ទឹកដងស្ទឹងសង្កែចាប់ផ្តើមកើនឡើងខ្លាំង ហើយចាប់ផ្តើមហូរចូលក្នុងក្រុងផងដែរ៕