(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្ត ដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥ ពីទីរួមខេត្តដល់រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឲ្យមានទឹកជំនន់ ទឹកភ្លៀងលិចលង់ផ្លូវមួយចំនួន នៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ជាពិសេសកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រលេខ ១៨៦ ដល់ចំណុច គីឡូម៉ែត្រលេខ ១៩៣ ត្រូវបានលិចលង់ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០។

យោងតាមស្ថានភាព ដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាកបណ្តោះអាសន្ន នូវយានយន្តដឹកជញ្ជូន ធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាម កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បាននិងកំពុងបង្កការគំរាមកំហែងខ្លាំង នៅក្នុងតំបន់ដែលជាប់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ តាមព័ត៌មានដែលទទួលបាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានជន់លិចកាន់តែខ្លាំង នៅតំបន់ដាច់ស្រយាលវាលទំនាបផងដែរ៕