(សៀមរាប)៖ សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «រួមគ្នាផលិតស្បៀង សម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី» បានរៀបចំប្រារព្ធ នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីលោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត។

ក្នុងនោះក៏មានការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោក លោកស្រី នាង កញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករ យ៉ាងច្រើនកុះករ។

ជាបឋមលោក ទៀ សីហា បានអានមតិស្វាគមន៍ និងជម្រាបជូនអង្គពិធី អំពីស្ថានភាពនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងដោយឡែកវិស័យកសិកម្ម ដែលមានសក្តា នុពលសម្រាប់ការបង្កើន ផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ ក្នុងរយៈពេលកន្លងមក។

លោកស្រី Claire Conan បានរាយការណ៍ជូនអង្គ ពិធីជ្រាបថា នេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះ គឺជាព្រឹត្តិការណ៍ សាកល របស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើង ក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់ នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធ ត្រូវមានឆន្ទៈចូលរួម ឲ្យបានសកម្ម ក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាលៈទេសៈ ដែលពិភពលោកបាន និងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩។

លោក Alexandre HUYNH បានថ្លែងថា ការជំរុញផលិតកម្មស្បៀង គឺជាឆន្ទៈរួមគ្នាពីគ្រប់តួរអង្គពាក់ព័ន្ធរួមមាន អ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារ នៃប្រធានបទនាថ្ងៃនេះ ទទួលបានជោគជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាព ដើម្បីឈានទៅសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។

មានមតិនាឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់សមាជិក សមាជិកា និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំទិវាប្រកបដោយអត្ថន័យ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។

ឆ្លៀតយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត លោករដ្ឋមន្ត្រី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានជូនពរបងប្អូនជនរួមជាតិ និងប្រជាពលរដ្ឋខេត្ត សៀមរាបឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ។

ឈានចូលដល់ប្រធានបទនាថ្ងៃនេះ លោក វេង សាខុន បានជម្រាបជូនអង្គពិធីថា កម្ពុជាកំពុងដំណើរការទិវានេះ ស្របពេលប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោក បានរៀបចំទិវានេះដែរ ក្នុងបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនសកម្មភាពជាសាកលសម្រាប់អ្នកផលិតស្បៀង ដែលដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិញ្ចឹមមនុស្សជាតិនៅទូទាំងពិភពលោក ព្រមជាមួយការធានាឲ្យបាននូវនិរន្តរភាពភពផែនដី។

ភ្ជាប់ទៅនឹងខ្លឹមសារនៃប្រធានបទនេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដា កន្លងមកឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងឲ្យខិតខំជំរុញសកម្មភាពផលិតកម្មស្បៀងគ្រប់រូបភាព (ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ក្នុងឆន្ទៈចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របពេលដែលវិស័យមួយចំនួន កំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ និងឈានជាជំហានៗ ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាព និរន្តរភាពផលិតកម្មស្បៀង និងភពផែនដី ដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដីហួសពីសមត្ថភាព ហើយជាក់ស្តែងដូចអ្វីដែលកម្ពុជា កំពុងប្រឈមនាពេលនេះ គឺគ្រោះទឹកជំនន់ ដែលបង្កគ្រោះមហន្តរាយដល់ដំណាំស្រូវ ដំណាំផ្សេងៗទៀត និងសត្វ។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានដើម្បីការពារសុខភាព សុខុមាលភាព ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច ដោយអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញល្បឿនអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភជូនប្រជាជន និងការកាត់បន្ថយភាពក្រីក្រ ក្នុងខណៈយើងកំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តថា យើងកំពុងប្រឈមនឹងបញ្ហាពីរសំខាន់ គឺជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលបញ្ហាទាំងពីរ បានបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយផ្ទាល់ និងដោយប្រយោលលើផលិតកម្មស្បៀង។ ក្នុងកាលៈទេសៈដ៏លំបាកនេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះ ស្រាយបញ្ហាឲ្យបាន ទាន់ពេល មានប្រសិទ្ធភាព និងត្រូវបន្តយុទ្ធនាជំរុញផលិត កម្មស្បៀង និងការរក្សានិរន្តរភាពភពផែនដីពី ព្រោះដីជាមូលដ្ឋានផ្តល់ជីវិត សម្រាប់សត្តនិករ នៅលើភពផែនដី រួមទាំងការបន្ធូរបន្ថយនូវវិបត្តិដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាសផងដែរ ដែលធ្វើឲ្យមនុស្សជាតិជាង២៥០លាននាក់ បាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះ។

ពិតណាស់ថាការប្រារព្ធទិវានាពេលនេះ គឺឆ្លើយតប ទៅនឹងកម្មវិធីសកម្មភាពជាតិប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះគុណភាពដី ដែលត្រូវបានរាជរដ្ឋាភិបាលនុម័តកាលនា ឆ្នាំ២០១៨និងជាពិសេសប្រសាសន៍របស់សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា «ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជា ការឆ្លើយតប ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងរក្សាសុខុមាលភាពរបស់ប្រជាជន ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថា មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយភាពអត់ឃ្លាននោះឡើយ»

ដើម្បីអនុវត្តប្រធានបទខាងលើឲ្យទទួលបានជោគជ័យ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនក្នុងន័យរួម គឺចូលរួមសហការគ្នា ផលិតស្បៀង ធានាអាហារូបត្ថម្ភ សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល បង្កើនផលិតភាពផលិតកម្មក្នុងស្រុក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទំនើបសមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

លើកកម្ពស់ការផ្សព្វផ្សាយបច្ចេកទេស នៃការប្រើប្រាស់ធាតុចូលកសិកម្មគ្រប់បែបយ៉ាង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹក រក្សាបាននូវភាតរបរិស្ថាន ធនធានធម្មជាតិ (ទឹក ដី ព្រៃ សត្វ និងដំណាំ) ឆ្ពោះទៅសម្រេចគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។

សូមបញ្ជាក់ថា មុនអញ្ជើញចូលកម្មវិធី លោករដ្ឋមន្ត្រី វេង សាខុន, លោកប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលខេត្ត, លោក Alexandre HUYNH តំណាងអង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានពហុដំណាំ (បន្លែ ផ្សិត ត្រី និងមាន់) របស់កសិករ ឈាវ ហុង ជាកសិករគំរូទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូត្រនិគម ដែលគាត់ទទួលបានការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធាតុចូលសំខាន់ៗពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការ និងដៃគូអភិវឌ្ឍន៍នានា។

សូមជម្រាបជូនថា បច្ចុប្បន្នលោកឈាវ ហុង បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក និងសន្តិសុខស្បៀង ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ទាំងបន្លែ ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជ លើផ្ទៃដី៥ហិកតា ដោយអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបប្រើប្រាស់ពលកម្មក្នងស្រុក និងទទួលបានចំណូលយ៉ាងល្អប្រសើរ៕