(ភ្នំពេញ)៖ ប្រតិភូចំនួន៤រូប ដឹកនាំដោយលោកស្រី រីបេកា កាង ដែលជាភរិយារបស់លោក ផាប្ល៉ូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ ថ្វីបើអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់ជន់ជោរយ៉ាងណាក្តី ប្រតិភូកិត្តិយស នៅតែបំពេញដំណើរទស្សនកិច្ចនេះ។

នៅក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលប្រមាណជាង ២ម៉ោង លោក ឆាំង យុ និងក្រុមការងារបានទទួលគារវកិច្ចស្វាគមន៍ភ្ញៀវកិត្តិយសយ៉ាងយកចិត្តទុកដាក់ ព្រមទាំងផ្តល់បទបង្ហាញអំពីពិព័រណ៍ និងបរិក្ខាររបស់ «បណ្ណាល័យសម្តេចម៉ែ»។ លោកឯកអគ្គរាជទូត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានរៀបរាប់ពិព័រណ៍ស្តីអំពីព្រះឆាយាលក្ខ័ណ៍ របស់សម្តេចព្រះបរមរតនកោដ្ឋ ដែលតាំងបង្ហាញនៅបណ្ណាល័យសម្តេចម៉ែ។

ប្រតិភូកិត្តិយសបានចាប់អារម្មណ៍ ទៅលើព្រះឆាយាលក្ខ័ណ៍មួយផ្ទាំងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបង្ហាញអំពីព្រះរាជសកម្មភាពរបស់ទ្រង់កំពុងកាប់ដីដាក់បង្គី។ ព្រះឆាយាលក្ខ័ណ៍មួយផ្ទាំងនេះ បានឆ្លុះបញ្ចាំងអំពីព្រះរាជសកម្មភាពដឹកនាំរបស់ព្រះអង្គ ក្នុងការកសាងជាតិ ដោយការស្ម័គ្រព្រះកាយចូលរួមបំពេញព្រះរាជកិច្ចជាមួយនឹងប្រជាជនកម្ពុជា នាអំឡុងទសវត្សរ៍ទី៦០ ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យ ដោយមិនប្រកាន់ព្រះកាយថាទ្រង់ជាក្សត្រឡើយ។

គួររំឭកថាកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៨ នៃការកាន់ទុក្ខការយាងចូលទិវង្គតរបស់សម្តេចព្រះបរមរតនកោដ្ឋ ដោយទ្រង់បានសោយទិវង្គតទៅនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា។ ព្រះអង្គ គឺជាឥស្សរជនដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ទ្រង់ប្រសូត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ គឺជាព្រះរាជបុត្ររបស់សម្តេចព្រះ នរោត្តម សុរាម្រិត និងព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសមៈ។

បន្ទាប់ពីឡើងសោយរាជ្យព្រះអង្គបានធ្វើចលនាតស៊ូដោយសន្តិវិធី ក្នុងការទាមទារឯករាជ្យពីបារាំង ដែលបានដាក់អាណាព្យាបាលមកលើប្រទេសកម្ពុជា តាំងពីឆ្នាំ១៨៦៣ រហូតទាល់តែបារាំងយល់ព្រម ក្នុងការប្រគល់ឯករាជ្យពិតប្រាកដដល់ប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយមកព្រះអង្គ ទ្រង់បានដឹកនាំប្រទេសដោយបង្កើតជា «របបសង្គមរាស្ត្រនិយម»។ ក្រោមព្រះរាជគ្រប់គ្រងដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានការរីកចម្រើនទៅលើវិស័យដូចជា សិក្សាធិការ, សុខាភិបាល, ឧស្សាហកម្ម និងយុត្តាធិការ ជាពិសេសកម្រិតជីវភាពសមរម្យរបស់មន្រ្តីរាជការ។ ព្រះអង្គត្រូវបានប្រជារាស្រ្តខ្មែរគោរពស្រលាញ់ និងចាត់ទុកជាព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ពេញមួយព្រះជីវិតរបស់ទ្រង់ សម្តេចព្រះបរមរតនកោដ្ឋ បានប្តូរផ្តាច់ និងពលីដើម្បីជនរួមជាតិរបស់ទ្រង់។ ទ្រង់ចាត់ទុកសុខទុក្ខរបស់ប្រជាជន ដូចទៅនឹងសុខទុក្ខរបស់ទ្រង់។ ទ្រង់បានយកព្រះទ័យទុកដាក់ជាខ្លាំង ចំពោះជនរួមជាតិ ដោយទ្រង់តែងចុះសួរសុខទុក្ខ និងនាំយកនូវអំណោយប្រទានដល់ប្រជាជនទីទាល់ក្រ និងរងគ្រោះដោយគ្រោះធម្មជាតិនានា។ ព្រះកាយវិការដ៏ប្រពៃនេះ បានបន្តអនុវត្តដោយសម្តេចម៉ែ និងព្រះរាជវង្សានុវង្សរហូតមកដល់សព្វថ្ងៃ។

បច្ចុប្បន្ន ប្រជាជនកម្ពុជាភាគច្រើនកំពុងប្រឈមនឹងគ្រោះទឹកជំនន់។ ផ្ទះសម្បែងរាប់រយខ្នងត្រូវបានលិចលង់។ ថ្វីត្បិតតែសម្តេចម៉ែ និងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កំពុងពិនិត្យព្រះរាជសុខភាពនៅឯទីក្រុងប៉េកាំង ទ្រង់នៅតែយកព្រះទ័យទុកដាក់លើប្រជាជនរបស់ទ្រង់។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្ត្រ និងខ្វល់ខ្វាយជានិច្ច អំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្ត្រីនៃក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន ៦៤៥គ្រួសារ ស្ថិតក្នុងខេត្តពោធិ៍សាត់។ ប្រតិភូបានធ្វើការពិភាក្សា ទៅលើប្រធានបទមួយចំនួនទៀត ប្រកបដោយអត្ថន័យគួរឲ្យកត់សម្គាល់រួមមានបញ្ហាសង្គម និងសុខាភិបាលរបស់ប្រជាជនកម្ពុជា ដែលកំពុងពើបប្រទះនាពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីដំណើរទស្សនកិច្ចដ៏មានខ្លឹមសារមកកាន់ «បណ្ណាល័យសម្តេចម៉ែ» លោកស្រី រីបេកា កាង តំណាងឲ្យប្រតិភូកិត្តិយសបានចារចំណារអនុស្សាវរីយ៍ ដែលមានអត្ថន័យដូចតទៅ៖

«សូមអរគុណយ៉ាងអនេក ដែលបានអនុញ្ញាតឲ្យយើងខ្ញុំបានយល់ដឹងអំពីការងារដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលកំពុងបំពេញ ក្នុងការអភិរក្សប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងគាំពារដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីប្រវត្តិសាស្ត្រនេះ។ ដំណើរទស្សនកិច្ចនេះ គឺជាអំណោយ កិត្តិយស និងសេចក្តីអំណរសម្រាប់យើងខ្ញុំ ក្នុងការមកកាន់ «បណ្ណាល័យសម្តេចម៉ែ» ដ៏វិសេសវិសាលនេះ។ សូមប្រសិទ្ធិពរជ័យដល់ការងារបន្តបន្ទាប់របស់អ្នក។ ពីខ្ញុំ រីបេកា កាង, ភរិយារបស់លោកឯកអគ្គរាជទូតអូស្ត្រាលី»