(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅប្រចាំប្រទេសបារាំង លោក និងលោកស្រី VONG CHRISTIAN (វង្ស គ្រីស្យង់) ព្រមទាំងក្រុមឱសថស្ថាន NEXTYPHARM MASSENA13 បានផ្តល់ជំនួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥.០០០€ (ប្រាំពាន់អឺរ៉ូ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាជនដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

លោក និងលោកស្រី វង្ស គ្រីស្យង់ ព្រមទាំងក្រុមឱសថស្ថាន NEXTYPHARM MASSENA 13 សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមសំដែងនូវសាមគ្គីភាព និងការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕