(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសពីវិវត្តនៃស្ថានភាពអាកាសធាតុ ដោយមានប្រព័ន្ធសម្ពាធទាបមួយ កំពុងអូសបន្លាយលើកម្ពុជា និងកាន់តែបង្កើនឥទ្ធិពលជាលំដាប់។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ចំណែកវិសម្ពាធដែលបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វាក្លាយទៅជាព្យុះទី១៧ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល ដោយមានល្បឿនខ្យល់អតិបរមា១៥ម៉ែត្រ ក្នុងមួយវិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ២ម៉ែត្រក្នុងមួយវិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តាខេត្តភាគពាយព្យ បណ្តាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត។ ចំណែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

យោងលើស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕