(ភ្នំពេញ)៖ ភ្លាមៗក្រោយពីជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៣ លោកមេធាវី លី ច័ន្ទតុលា បានដាក់ចេញ នូវគោលនយោបាយចំនួន ៨ចំណុច ដើម្បីពង្រឹង លើកកម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី របស់កម្ពុជា។

លោកមេធាវី លី ច័ន្ទតុលា ត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវី ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់។ មហាសន្និបាតនេះ បានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។

គោលនយោបាយទាំង ៨ចំណុចដែលបានដាក់ចេញ ដើម្បីពង្រឹង លើកកម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី រួមមាន៖

ទី១៖ រឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវី តាមរយៈបទពិសោធន៍ និងការប្រឡងចូលជាមេធាវី ដោយយកគុណភាព និងសមត្ថភាពជាគោល។

ទី២៖ ពង្រឹង និងលើកកម្ពស់សមត្ថភាពមេធាវី តាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស។

ទី៣៖ ពង្រឹងកិច្ចសហការ កាំរផ្តល់តម្លៃ និងការយោគយល់គ្នាជាមួួយស្ថាប័នជាតិ អន្តរជាតិ ជាពិសេសជាមួយស្ថាប័ននគរបាលយុត្តិធម៌ ពន្ធនាគារ និងស្ថាប័នតុលាការ។

ទី៤៖ បង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយដែលមេធាវីអាចផ្តល់ឱ្យអតិថិជន។

ទី៥៖ ពង្រីកទំហំការងារដែលមេធាវីអាចផ្តល់ឱ្យអតិថិជនឱ្យបានកាន់តែច្រើន និងប្រឆាំងនឹងការប្រកួតប្រជែងខុសច្បាប់ពីសំណាក់បុគ្គលដែលមិនមានសិទ្ធិជាមេធាវី។

ទី៦៖ បង្កើតយុទ្ធការផ្តល់តម្លៃ និងកិត្តិយសដល់មេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌នៅក្នុងសង្គម។

ទី៧៖ បន្តអនុវត្តណនិងពង្រឹងយន្តការសុខមាលភាពមេធាវីទាំងអស់ ជាពិសេសយន្តការទាក់ទងនឹងមូលនិធិសម្រាប់ជួយមេធាវីដែលមានវ័យចាស់ និងមានជំងឺធ្ងន់ធ្ងរ។

និងទី៨៖ បង្កើនអន្តរកម្ម រវាងគណៈមេធាវី និងមេធាវីទាំងអស់ និងផ្តល់សេវាឱ្យបានកាន់តែប្រសើរដល់មេធាវីទាំងអស់។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មីនេះ មានបេក្ខជន៥ ក្នុងនោះ៖

១៖ លោកមេធាវី លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភី ទទួលបានសំឡេងគាំទ្រ ១៤៤៤ ស្មើនឹង៧៨.៦៥ភាគរយ
២៖ លោកមេធាវី កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៌ ទទួលបានសំឡេង១៣០ ស្មើនឹង៧.០៨ភាគរយ
៣៖ លោកមេធាវី សំ សុខគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី ទទួលបានសំឡេង៥៦ ស្មើនឹង៣.០៥ភាគរយ
៤៖ លោកមេធាវី សូ សូវាន ទទួលបាន ៤១សម្លេង ស្មើនឹង ២.២៣ភាគរយ
៥៖ លោកមេធាវី សេក សោភ័ណ្ឌ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួលបានសំឡេងគាំទ្រ២៦ ស្មើនឹង១.៤២ភាគរយ៕