(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដែលបានប្រកាសចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស. និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទូទាំងប្រទេស។

ជាលទ្ធផល សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ២៧៧០០ សំណុំរឿង ស្មើនឹង ៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១០៣០០ សំណុំរឿង ស្មើនឹង ៨២% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ)។

បន្ថែមពីនេះ សាលាដំបូងរាជធានីខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី ចំនួនជាង ២០២០០ សំណុំរឿង ស្មើនឹង៦១%។ ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស. ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៥ រួមមាន៖ ខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។

ទន្ទឹមនឹងការសម្តែងនូវអំណរសាទរចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូងដែលត្រូវបានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនាពេលនេះ គ.យ.ក.ស. ក៏សូមឆ្លៀតឱកាស នៃកិច្ចប្រជុំនេះ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។

បន្ថែមពីនេះ គ.យ.ក.ស. មានក្តីរំពឹងទុកយ៉ាងមុតមាំថាសាលាដំបូងផ្សេងទៀតនឹងសម្រេចបាននូវសមិទ្ធផលការងារ ដើម្បីឈានទៅរកការប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការនេះ ជាបន្តបន្ទាប់ ហើយក៏សង្ឃឹមផងដែរថា តួអង្គពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួមចំណែកធ្វើឱ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត អាចសម្រេចលទ្ធផលបានតាមផែនការដែលបានគ្រោងទុក ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»