(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៧ ខែឆ្នាំ២០២០នេះ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី រួមជាមួយសហការី បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្ម គោល ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម និងជួបសំណេះសំណាល ជាមួយព្រះ ចៅអធិការវត្ត ព្រះសង្ឃ ពុទ្ធិបរិស័ទមកពីទីជិត ឆ្ងាយ តាជី យាយជី អាជ្ញាធរមូលដ្ឋាន ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្ស ចុះជួយឃុំរអាង ប្រមាណ៥០០នាក់។

មានមតិសំណេះសំណាលនាឱកាសនេះ លោកប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទូទាំង ស្រុកកំពង់សៀម ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ។

បន្ទាប់មក លោកប្រធានបានធ្វើការសំណេះសំណាល ជាមួយប្រជាពលរដ្ឋដោយបានលើកយកខ្លឹមសារ និងអត្ថន័យនៃពាក្យសន្តិភាព មកអត្ថាធិប្បាយជូនអង្គពិធី បានជ្រួតជ្រាប ដោយសង្កត់ធ្ងន់ទៅលើឧត្តមភាព នៃម្លប់សុខសន្តិភាពបានគ្របដណ្តប់ លើផ្ទៃប្រទេស ហើយពិតណាស់ដោយសារម្លប់នេះ ធ្វើឲ្យប្រទេសជាតិមានការវិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ជាក់ស្តែង ពេលនេះយើងគ្រប់ៗគ្នា ដែលជាពុទ្ធសាសនិកជន បានមកជួបជុំគ្នាប្រកបដោយទឹកមុខ និងទឹកចិត្តស្រស់ស្រាយ បង្កប់ទៅដោយក្តីសង្ឃឹម ជឿជាក់គាំទ្រឲ្យតម្លៃ និងថែរក្សាសុខសន្តិភាព ដែលរកបានមកដោយការប្តូរសាច់ ប្តូរឈាម និងអាយុជីវិត របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកប្រធានបានបន្តទៀតថា ប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានកសាងសមិទ្ធផលសំខាន់ៗជាច្រើន ទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបាននិងកំពុងបន្តធ្វើការអភិវឌ្ឍប្រទេសជាបណ្តើរៗ ឆ្លើយតបទៅតាមសេចក្តីត្រូវការជាមូលដ្ឋានក្នុងការលើក កម្ពស់កម្រិតជីវភាព និងថែរក្សាកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសទប់ស្កាត់ បាននូវការរាលឆ្លងនៃជំងីកូវីដ-១៩ និងចាត់វិធិការចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងសកម្ម និងទាន់ពេលវេលា។

ដោយឡែកកម្មវិធីនាព្រឹកនេះ លោកប្រធានបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ៗ ដែលព្រះចៅអធិការ ពុទ្ធិបរិស័ទ សប្បុរសជន ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ចុះជួយឃុំរអាង បានខិតខំកសាងដើម្បីទុកជាទីសក្ការ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នា ជាកម្លាំងកាយចិត្ត និងបរិចាកថវិកាផ្ទាល់កសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងឃុំរអាង និងសូមទទួលយកកុសល ផលបុណ្យតាមសទ្ធារៀងៗខ្លួន។

ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសន៍ លោកប្រធាន និងសហការី បានចាប់មគ្គផល ៥,០០០ដុល្លារប្រកេនចៅអធិការវត្ត ហើយសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗ ទទួលបានថវិកា២០,០០០រៀលផងដែរ។ បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់កុដិថ្មី ស្រោចស្រពសុគន្ទវារីប្រគេនព្រះគ្រូចៅ អធិការវត្តឥន្ទខីលារាម ហៅវត្តថ្មគោល និងសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ៥០០នាក់ រួចមកលោកប្រធានក្រុមការងារ បានបន្តដំណើរមកពិនិត្យទីតាំង ដែលនឹងត្រូវធ្វើការសាងសង់ ជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរអាង ស្រុកកំពង់សៀម។

ស្នាក់ការគណបក្សថ្មីនេះ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយសង្ឃឹមថា រួចរាល់ហើយ នឹងអាចដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នាពាក់កណ្តាលឆ្នាំ២០២១ ដែលមានទំហំបណ្តោយ២៤ម៉ែត្រ និងទទឹង៨ម៉ែត្រ ព្រមទាំងមានការសាងសង់ ទីចំណតយានយន្ត និងលម្អរដោយសួនច្បារ និងដាំដើមឈើព័ទ្ធជុំវិញបរិវេណលើផ្ទៃដី ៧,០០០ម៉ែត្រក្រឡា៕