(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមបន្ថែមកញ្ចប់ថវិកាចំនួន៣០លានដុល្លារទៀត សម្រាប់ដោះស្រាយបញ្ហាខ្វះទុនប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផល។ នេះបើតាមការបញ្ជាក់ របស់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ក្នុងពេលចុះពិនិត្យស្ថានភាពប្រមូលទិញស្រូវ និងកិនអង្ករនៅតាមរោងម៉ាស៊ីនមួយចំនួន លោក កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកា៣០លានដុល្លារបន្ថែម ដែលបានត្រៀមទុក សម្រាប់ដោះស្រាយបញ្ហាវិស័យស្រូវអង្ករ ប្រសិនបើតម្រូវការស្នើសុំកម្ចី សម្រាប់ទិញស្រូវរបស់កសិករ ក្នុងរដូវប្រមូលផលខាងមុខនេះ»

លោកអគ្គនាយកបានគូសបញ្ជាក់ថា តាមផែនការកញ្ចប់ថវិកា៣០លានដុល្លារ ដែលបានត្រៀមមកនេះ គឺប្រើប្រាស់តែនៅរដូវប្រមូលផលខាងមុខ ក្នុងខែវិច្ឆិកា និងធ្នូប៉ុណ្ណោះ។

លោក កៅ ថាច បន្តថា បើកបូកបញ្ចូលទាំងថវិកាដែលគ្រោងទម្លាក់បន្ថែមចុងក្រោយ៣០លានដុល្លារនេះ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជិត ២០០លានដុល្លារហើយ សម្រាប់ជួយដល់វិស័យស្រូវអង្ករ។

ស្ថិតក្នុងស្ថានភាពកសិករ ជួបការលំបាកដោយគ្រោះទឹកជំនន់ នៅខេត្តជង្រុកស្រូវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត លោក កៅ ថាច ក៏បានស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវ ពីបងប្អូនប្រជាកសិករ ឲ្យអស់ពីលទ្ធភាព ទោះបីស្រូវមានគុណភាពល្អ ឬមិនសូវល្អ និងស្រូវសើម ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ក្នុងសប្តាហ៍កន្លងមក។

សូមជម្រាបថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោក កៅ ថាច និងសហការី បានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកិនកែច្នៃអង្ករ នៅតាមរោងម៉ាស៊ីនមួយចំនួន ក្នុងខេត្តកំពង់ចាម និងកំពង់ធំ ដោយលោកអគ្គនាយកបានជម្រាប ដល់ម្ចាស់រោងម៉ាស៊ីនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមថវិការួចជាស្រេច ដើម្បីត្រៀមទំលាក់ជាឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ទុកសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលស្រូវក្នុងពេលខាងមុខនេះ ហើយបានស្នើម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវ ពីបងប្អូនប្រជាកសិករ ឲ្យអស់ពីលទ្ធភាព៕