(ស្ទឹងត្រែង)៖ នៅយប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ភ្លៀងនៅតែបន្តធ្លាក់ទាំងយប់ទាំងថ្ងៃ មិនឈប់ឈរនោះឡើយ ទើបធ្វើឲ្យជំនន់ទឹកភ្លៀងបន្តលិចលង់ផ្ទះសម្បែង ផលដំណាំ (ស្រូវ ពោត សណ្តែក បន្លែផ្សេងៗ) ដែលជិតប្រមូលផល និងកំពង់ប្រមូលផលបណ្តើៗ រួមនិងសត្វពាហនៈ។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងក៏កំពុងគម្រាមកំហែង ទៅលើផ្លូវ និងស្ពានមួយចំនួនក្នុងឃុំព្រែកមាស ក្នុងនោះមានចំនួន៤ភូមិ ក្នុងទីរួមស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋរងគ្រោះបានសំណូមពរដល់អាជ្ញាធរស្រុក និងខេត្ត មេត្តាជួយដល់ពួកគាត់ផង ព្រោះទម្រាំនិងទឹកស្រកទៅវិញ ស្រូវ និងផលដំណាំផ្សេងៗទៀត ច្បាស់ជាងាប់រលួលអស់ ជាក់ជាមិនខានឡើយ។ ជាវិញរឿងនេះលោក ណយ ខុង មេឃុំព្រែកមាស បានឲ្យដឹងដែរថា ការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យពាល់ចំនួន៤ភូមិរួមមាន៖

*ភូមិខិស្វាយ, ភូមិខិក្រោម, ភូមិពងគ្រៀល ភូមិកាំភោគ ស្ថិតក្នុងឃុំព្រែកមាស។ ក្រោយមានករណីនេះកើតឡើង លោកបានដឹកនាំក្រុមការងារឃុំ ចុះមកដល់កន្លែងទឹកជំនន់នេះតែម្តង ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង។

លោកថា ទឹកជំនន់នេះជាទឹកភ្លៀងទេ មិនមែនទឹកទន្លេមកពីទន្លេនោះឡើយ បើកាលណាមេឃឈប់ភ្លៀង ទឹកនឹងស្រកទៅវិញហើយ។ ជាក់ស្តែងទឹកនេះទើបតែឡើងដែរទេ គឺរយ:ពេលពីរថ្ងៃព្រោះតែ ភ្លៀងជាប់គ្នា ទើបធ្វើឲ្យទឹកឡើងហូរចូលលិចផលដំណាំបងប្អូនប្រជាពលរដ្ឋ ដូចជា ស្រូវរបស់ពួកគាត់អស់ជាច្រើនសរុបប្រហែលជាង២០០ហិកតា តែមិនបង្កឲ្យប៉ះពាល់ដល់មនុស្ស និងសត្វពាហនៈឡើយ។

លោកបន្តថា ទឹកចាប់ផ្តើមឡើងចូលលិចផលដំណាំនេះចាប់ពីរម៉ោងជិត១២យប់ ថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៧ ខែតុលា ទឹកក៏នៅតែបន្តឡើងសន្សឹមៗ និងហូតកាត់ផ្លូវ និងហូរក្រោមស្ពាន ខ្លាំងគួរសំដែរ។ បញ្ហានេះលោកនឹងរាយការណ៍ជូនអភិបាលស្រុក ដើម្បីមានវិធានការបន្តទៀត ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ ក្រែងមានការជោរជន់ទឹកលិចខ្លាំង៕