(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលី សូត្រមន្ត និងសម្ដែងធម៌ទេសនាក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ។

ក្នុងនោះក៏មានការអញ្ជើញអមដំណើរដោយ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងលោកស្រី, ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី អា នី សុខអាន រួមជាមួយសហការីព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

គួរជម្រាបថា កឋិនទានគឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។

អ្នកទទួលត្រូវតែជាភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា ដោយចប់សព្វគ្រប់រយៈពេលបីខែ ហើយក៏ត្រូវតែជាការចូលបឋមវស្សាហើយ ត្រូវតែគ្មានជម្លោះធំដុំកើតឡើង ក្នុងចំណោមភិក្ខុសង្ឃក្នុងអារាមនោះ។ ក្នុងព្រះវិន័យបានកំណត់ច្បាស់ថា សាមណេរគ្មានសិទ្ធិទទួលកឋិនបានទេ គឺបានតែភិក្ខុហើយ បើភិក្ខុនោះមិនបានចូលវស្សា ឬបានចូលវស្សាដែរប៉ុន្តែបានធ្វើដាច់វស្សា ក៏មិនអាចទទួលកឋិនបានដែរ ហើយបើទោះជាមិនដាច់វស្សា ប៉ុន្តែភិក្ខុទាំងនោះមានជម្លោះឈ្លោះទាស់ទែងគ្នា ក៏មិនអាចទទួលកឋិនបានដែរ។

កឋិន ជាប្រភេទចីវរទាន ហេតុនេះវត្ថុដែលប្រើប្រាស់ដែលជាតួអង្គកឋិន មានតែស្បង់ចីពរ ឬសង្ឃាដី (ទីទៃពីនេះទៅហៅថាបរិវាកឋិន ឬអានិសង្សលាភហើយគេអាចនាំសម្ភារនានាទៅរួមក្នុងកឋិននេះបានតាមប្រាថ្នា)។ ប៉ុន្តែសំពត់ដែលអាចប្រើប្រាស់ជាសំពត់កឋិនបានលុះណាតែធ្វើត្រឹមត្រូវ តាមខ្នាតដែលបានកំណត់ដោយវិន័យ។

ក្នុងមួយឆ្នាំរយៈពេលដែលអាចធ្វើកឋិនបាន មានតែ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពី០១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី ៣១ ខែតុលា ហៅថា កឋិនកាល៕