(ភ្នំពេញ)៖ លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន អតីតចៅអធិការវត្តនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើស «រក្សាទុក និងកាន់កាប់រូបភាពអាសអាភាស កុមារក្រោមអាយុ១៨ឆ្នាំ»។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលានេះ។

សូមជម្រាបថា អតីតចៅអធិការវត្ត ដែលកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូតាប៉ាង ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការនិងសាសនាខេត្ត៕