(បន្ទាយមានជ័យ)៖ ថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមួយសព ១០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិសពពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១២គ្រួសារនៅបន្ទាយមានជ័យ។

ថវិកាជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំជូនផ្ទាល់ដៃដល់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបគ្រួសារ សាច់ញាតិជនរងគ្រោះ ពីការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយគ្រួសារ សាច់ញាតិនៃសព។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តាំផ្ញេីដល់គ្រួសារ សាច់ញាតិ ជនងគ្រោះ ឱ្យប្រយ័ត្នប្រយែង និងថែទាំសុខភាពកុំឱ្យមានជំងឺតម្កាត់ផ្សេងទៀត និងគ្រោះថ្នាក់ដទៃទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំអាជ្ញាធរចូលរួម និងជួយចាត់ចែងពិធីបុណ្យរបស់សពនិមួយៗផងដែរ។

យោងតាមក្រុមគ្រួសារសពបានឱ្យដឹងថា ពលរដ្ឋដែលស្លាប់នេះ អ្នកខ្លះស្លាប់ដោយការលង់ទឹក ពេលទៅបេះត្រកួន ទៅរកត្រី ដេីរធ្លាក់ផ្លូវ ធ្លាក់ពីជណ្តេីរ និងត្រូវចរន្តអគ្គិសនីឆក់ជាដេីម។

គ្រួសារ សាច់ញាតិជនរងគ្រោះ បានសម្តែងការដឹងគុណ និងអរុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋរាល់ពេលមានទុក្ខលំបាក។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់១៧ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋសរុប២០នាក់ហេីយ ស្លាប់ដោយសារទឹកជំនន់។

ដេីម្បីរំលែកការលំបាក និងចូលរួមរំលែក ទុក្ខជាមួយគ្រួសារជនរងគ្រោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចផ្តល់ថវិកាជូនគ្រួសារសព ក្នុងមួយសពទទួលបានថវិកា ១០លានរៀល៕