(ភ្នំពេញ)៖ អង្គការរីតាស់កម្ពុជា បានប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់៧គ្រឿង អូប័រពោង៦គ្រឿង និងអាវពោង១០ ដល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីបម្រើដល់ការងារសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះទឹកជំនន់។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាល រួមទាំងកងកម្លាំងទាំង៣ និងសប្បុសរជន នៅទីបញ្ជាការស្រាល ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ខដង្កោ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

លោក គឹម រតនា ប្រធានប្រតិបត្តអង្គការរីតាស់កម្ពុជា បានឱ្យដឹងថានេះ ជាលើកទី២ ហើយក្នុងជួយសង្គ្រោះគ្រោះមហន្តរាយ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជូនផ្ទាល់ទៅដល់អាជ្ញាធរដែនដីរួមមានដូចជា៖ ខេត្តកណ្ដាល ប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់ ចំនួន៤គ្រឿង ផ្ទុកចំណុះមនុស្សចំនួន១០នាក់ និងអាវពោង១០ និងអូប័រពោងចំនួន៣គ្រឿង និងរាជធានីភ្នំពញប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់ចំនួន៣គ្រឿង ចំណុះ៦នាក់ និងអូប័រពោងចំនួន៣គ្រឿងផងដែរ។

លោក គង់ សោភណ្ឌ និងលោក ឃួង ស្រេង បានអំណរគុណដល់សប្បុរសជន ក៏ដូចជាអង្គការរីតាស់កម្ពុជា តាមរយ:គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលបានចូលរួមឧបត្ថម្ភទូកម៉ាស៊ីន ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំន់ទឹកភ្លៀង ជាការរួមចំណែកដ៏ធំធេង ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីការលិចលង់ផងដែរ។ នេះជាការលើកចិត្ត ដល់កងកម្លាំង ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្ដយកចិត្តទុកដាក់ជួយសង្គ្រោះជម្លៀស នៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ ត្រូវយកចិត្តទុកការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ និងមិនត្រូវឱ្យប្រជាជនស្លាប់ ដោយសារលង់ទឹកនោះទេ។

ក្នុងនាមលោកទេសរដ្ឋមន្រ្តី គន់ គីម, លោក ហង្ស សាមឿន បានបញ្ជាក់បន្ថែមថា អង្គការការីតាស់កម្ពុជា គឺជាដៃគូដ៏ល្អ ដែលកន្លងមក បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយប្រជាពលរដ្ឋជាច្រើនគម្រោង ពិសេសក្នុងការឆ្លើយតបទៅការងារគ្រោះមហន្ដរាយ ដូចជាការផ្តល់សម្ភារ: បង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជំនួយសង្គ្រោះជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ ដល់ចំនួន ៤ខេត្តមាន៖ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យន ខេត្តកណ្ដាល និងសាលារាជធានីភ្នំពេញ នាពេលនេះ។

លោក ហង្ស សាមឿន បានបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអំពាវនាវដល់អង្កការដៃគូអភិវឌ្ឍ និង សម្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។ គណៈកម្មាធិជាតិគ្រប់គ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធទាំង៣ ហើយក៏ជាសេនាធិការឱ្យសម្តេចតេជោ ហ៊ុន សែន ក្នុងការងារជួយការងារគ្រោះមហន្តរាយដែលបង្កដោយធម្មជាតិ និងមនុស្សបង្កឡើង។

លោក ហង្ស សាមឿន បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានប៉ះពាល់១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះរួមមាន៖ រាជធានីភ្នំពេញ, ពោធិ៍សាត់, ប៉ៃលិន បន្ទាយមានជ័យ, បាត់ដំបង, ស្វាយរៀង, ឧត្តរមានជ័យ សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និងកំពង់ធំ។

លោកបានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព៕