(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រចាំការអចិន្ត្រៃយ៍ នៅបញ្ជាការដ្ឋានអង្គរក្ស និងមេញ្ជាការ មេញ្ជាការរង កងអន្តរាគមន៍៥៩៤ បានចូលរួមក្នុងពិធីទទួលអំណោយពីក្រុមហ៊ុន ថាមពលវិជ្ជមាន គ្រុប ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង។

ពិធីទទួលនិងប្រគល់អំណោយធ្វើឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ហើយអំណោយទាំងនោះរួមមានអង្ករ២៥តោន, មី ៤០០កេស និងទឹកបរិសុទ្ធ ៤០០កេស។

យោងតាមទន្និន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ ខូចខាត ដោយសារគ្រោះធម្មជាតិ ទឹកជំនន់ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០បានបង្ហាញថា ខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មាន ១៩ រាជធានី-ខេត្ត ស្មើ ៧១ ក្រុង/ខណ្ឌ ក្នុងនោះ មានខេត្តពោធិ៍សាត់ ប៉ែលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ធំ និងកំពង់ឆ្នាំង។

ទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនប្រមាណ ៦១,៣៥៧ គ្រួសារ ស្មើប្រមាណ ២៤៥,៤២៨ នាក់ ។ ប្រជាជនជន្លៀសប្រមាណ ៧,៩៩៧ គ្រួសារ ស្មើប្រមាណ ២៦,៦០៨ នាក់ ។ ប៉ះពាល់ផ្ទះប្រមាណ ៥៩,២៦៨ ខ្នង ។ ផ្ទះខូចខាត ៥៦ ខ្នង។ សាលាលិចទឹកប្រមាណ ៤៥៩ កន្លែង ។

ស្រូវលិចទឹកប្រមាណ ១៦៩,០៨១ ហិកតា ។ ដំណាំលិចទឹកប្រមាណ ៧៣,២៩១ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៣៤៤ គីទ្បូម៉ែត្រ។ ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីទ្បូម៉ែត្រ ។ ស្ពានលិចទឹកប្រមាណ ២៤ កន្លែង។ ទំនប់ប៉ះពាល់ប្រមាណ ២២.៧ គីទ្បូម៉ែត្រ ។ ប្រទ្បាយមេ ប៉ះពាល់ ១៦៩.១ គីទ្បូម៉ែត្រ។ ប្រទ្បាយរងប៉ះពាល់ ១២៩.៣ គីទ្បូម៉ែត្រ។ ប្រទ្បាយស្រោចស្រពប៉ះពាល់ ៧៩.៦ គីទ្បូម៉ែត្រ។ និងច្រាំងទន្លេ ប៉ះពាល់ ៤១០ គីទ្បូម៉ែត្រ៕