(ព្រៃវែង)៖ លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដង្ហែអង្គកឋិនទានចូលទៅកាន់វត្តព្រៃច្បារ ស្ថិតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា។

ក្នុងឱកាសនោះ លោក អង មង្គល បានទូលប្រគេន និងថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខដល់ព្រះសង្ឃ លោកយាយ លោតា និងប្រជាពលរដ្ឋ និងអនុមោទនាបុណ្យកុសលដែលកើតចេញពីអង្គកឋិនទាននេះ ទៅដល់ជីដូន ជីតា និងប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ។

ពិធីអង្គកឋិនទាននេះបានប្រារព្ធឡើងតាំងពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅវត្តព្រៃច្បារ ស្ថិតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរស័ទនៅមូលដ្ឋាន និងមកពីរាជធានីភ្នំពេញ។

បច្ច័យដែលទទួលបានមានចំនួន ១៣០,៤៨០,០០០រៀល សម្រាប់កសាងសមទ្ធិផលនានាបន្ត និង ១៣០០ដុល្លារទៀត ជាទ័យទានប្រគេនព្រះសង្ឃ៕