(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរឃុំគោកត្រប់ រួមជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣គ្រួសារ ព្រមទាំងចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ ដែលទើបទទួលមរណភាព ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ស៊ិន គាវុធ ជំទប់ទី១ឃុំគោកត្រប់ បានជម្រាបជូន អំពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពទឹកជំនន់នៅឃុំគោកត្រប់ថា « ភូមិចំនួន៣ ទទួលរងការលិចលង់ដោយសារទឹកជំនន់ បណ្តាលឱ្យប្រជាពលរដ្ឋចំនួន៣៣គ្រួសាររងគ្រោះ, ផ្លូវលំលិចទឹកមិនអាចធ្វើចរាចរណ៍បានចំនួន១២ខែ្ស ប្រវែង១៥៥ម៉ែត្រ ផ្ទៃស្រែលិចទឹកចំនួន២៥៦ហិចតា»

លោកជំទប់ទី១ បានបន្តថា បច្ចុប្បន្ននេះ ឃុំបានត្រៀមបង្ការទប់ស្តាប់ និងជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះជាយថាហេតុ ដោយបានត្រៀមទីទួលសុវត្ថិភាពចំនួន៤កន្លែង និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារភូមិចំនួន៥៨នាក់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះលោក ម៉ម ប៊ុននាង បានលើកឡើងថា បច្ចុប្បន្ននេះនៅតាមបណ្តាខេត្តជាច្រើន ក៏ដូចជានៅរាជធានីភ្នំពេញ កំពុងរងគ្រោះដោយសារទឹកជំនន់ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែងគិតគូរចំពោះសេចក្តីសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង ដែលរងគ្រោះដោយទឹកជំនន់ និងបានណែនាំដល់ថ្នាក់ដឹនាំ និងអាជ្ញាធរទាំងអស់ឱ្យចុះជួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខនៅពេលដែលលំបាក ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅពេលនេះ ។

បន្ថែមពីលើនេះ លោកក៏ផ្តាំផ្ញើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ទាំងអស់ សូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។

លោកបាននាំយកអំណោយ និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ អាវ១ ភួយ១ មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល ឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់ដាក់លូ និងជួសជុលផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងចំនួន ១៣,៣៨៤,០០០រៀល ឧបត្ថម្ភលោក គង់ បឿន ប្រធានក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់ព្យាបាលជំងឺចំនួន៥០០ដុល្លារ ប្រជាពលរដ្ឋទ័លក្រចំនួន ១៦០,០០០រៀល ប្រជាការពារភូមិ ឃុំចំនួន១៦នាក់ ម្នាក់ៗទទួលបាន ភួយ១ អាវ១ សារុង១ ថវិកាចំនួន២០,០០០រៀល មេភូមិ និងមន្ត្រីឃុំចំនួន១៤នាក់ ម្នាក់ៗទទួលបានសារុង១ ថវិកា២០,០០០រៀល ព្រមទាំងបានចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ១៨គ្រួសារ ក្នុង១គ្រួសារ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន៣១,៩៦៤,០០០រៀល និង ៥០០ដុល្លារអាមេរិក។

បន្ទាប់ពីជួបសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋរួចមក លោក ម៉ម ប៊ុននាង រួមជាមួយក្រុមប្រឹក្សាឃុំគោកត្រប់ បានចុះពិនិត្យស្ថានភាពផ្លូវ លូទឹក ស្ថិតនៅមុខវត្តកោកកាត និងក្នុងបិវេណសាលាបឋមសិក្សាគោត្រប់ម៉ុនស្ទែរ ដែលគ្រោងនឹងកសាង ជួសជុលបន្ទាប់ពីស្ថានភាពទឹកជំនន់បានបញ្ចប់៕