(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៨៧១ករណីបន្ថែមទៀត ត្រូវបានរកឃើញ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់ ដោយករណីភាគច្រើនត្រូវបានរាយការណ៍ចេញពីរដ្ឋ Sabah។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៧នាក់បន្ថែទៀតផងដែរ។ ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសរហូតមកទល់ពេលនេះ មាន ២០,៤៩៨ករណី ក្នុងនោះស្លាប់ ១៨៧នាក់។

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលានេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន ៧០១នាក់ផងដែរបានជាសះស្បើយឡើងវិញផងដែរ ដែលនាំចំនួនសរុបនៃអ្នកជាសះស្បើយ កើនដល់ ១៣,២៦២នាក់។ ប្រការនេះធ្វើឲ្យករណីសកម្ម នៅទូទាំប្រទេសនាពេលបច្ចុប្បន្ន មានចំនួន ៧,០៤៩នាក់៕