(បាត់ដំបង)៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ជា ចំណាន និងលោក ជា កែវចិន្តា បាននាំយកគ្រឿងឧបភោគបរិភោគ និងបរិក្ខារមួយចំនួនរបស់លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដើម្បីចែកជូនដល់ បងប្អូនប្រជាជនចំនួន២០០គ្រួសារ ស្ថិតនៅឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងរងគ្រោះធម្មជាតិដោយទឹកជំនន់។ ក្នុងមួយគ្រួសារទទួលបាន៖
* មី១កេះ
* ត្រីខ១យួរ
* ទឹកត្រី១យួរ
* ទឹកស៊ីអ៉ី១យួរ
* មុង១
* ភួយ១
* ប្រេងកូឡា២ដប និង
* ថ្នាំលាបបំបាត់រមាស់១ទីប

ឆ្លៀតក្នុងឱកាសនេះលោក ជា ចំណាន បានពាំនាំពាក្យផ្តាំផ្ញើរបស់លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សួរសុខទុក្ខបងប្អូនប្រជាជន និងបានណែនាំឱ្យបងប្អូនប្រជាជនចេះធ្វើអនាម័យការពារសុខភាព និងចេះការពារសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ ក្នុងកាលៈទេសៈកំពុងប្រឈមមុខនឹងគ្រោះធម្មជាតិទឹកជំនន់ ស្របពេលដែលពិភពលោកកំពុងរងគ្រោះដោយគ្រោះធម្មជាតិនេះផងដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាជនលើសុខុមាលភាព និងសុខទុក្ខ ក្នុងស្ថានភាពប្រឈមមុខនឹងគ្រោះធម្មជាតិ និងជំងឺរាតល្បាតផ្សេងៗ។

ជាចុងក្រោយលោក ជា ចំណាន គោរពជូនពរសូមឱ្យបងប្អូនប្រជាជន រួចផុតពីគ្រោះថ្នាក់ទាំងពួង ព្រមទាំងទទួលបាននូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕