(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា នៅថ្ងៃនេះដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២០ នៅគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង១៦៤៦ឃុំ-សង្កាត់ទូទាំងប្រទេស បានដំណើរការធម្មតា បន្ទាប់ពីមានការិយាល័យមួយចំនួន ជួបបញ្ហាដោយជំនន់ទឹកភ្លៀងមកនោះ។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកនេះ នៅខេត្តកណ្តាល ដំណើរការចុះឈ្មោះប្រព្រឹត្ត ទៅនៅគ្រប់ការិល័យ១២៧/១២៧ ដោយការិយាល័យដែលបានផ្អាកទាំង៣ ដោយសារជំនន់ទឹកភ្លៀងបានដំណើរការឡើងវិញហើយ ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ ក៏បើកដំណើការ ១០៥/១០៥ ការិយាល័យ។ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការិយាល័យនៅ១៦៤៦ឃុំ-សង្កាត់ បានដំណើរការ»

បើតាមអ្នកនាំពាក្យ គ.ជ.ប រូបនេះ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនសរុប ២៥៧,៥៤៥នាក់ ដែលស្មើនឹង ៨៥.៤% លើចំនួនប៉ាន់ស្មានដែលត្រូវចុះឈ្មោះថ្មីប្រចាំឆ្នាំចំនួន ៣០០,៣៩០នាក់។

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ១៩ ខែតុលា ឆ្នាំ២០២០៕