(ភ្នំពេញ)៖ ក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម ដែលមានឈ្មោះថា «យើងស្ម័គ្រចិត្តដើម្បីអ្នក» រយៈពេល៣ថ្ងៃមកនេះ បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយបាននាំយកអំណោយមួយចំនួនដូចជា មីឆុងកំប៉ុង កាហ្វេ ភេសជ្ជៈ ចែកជូនដល់ក្រុមជួយសង្រ្គោះ ដែលកំពុងជួយរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមយុវជននេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមជួយកិច្ចការសង្គម និងចូលរួមចំណែកជួយដល់ក្រុមការងារជួយសង្រ្គោះ និងប្រជាពលរដ្ឋរងគ្រោះ និងខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលជួបនឹងបញ្ហាគ្រោះទឹកជំនន់នេះតែម្តង។

ក្រុមយុវជននេះបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការធ្វើជាគំរូដល់យុវជនផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យយុវជនទាំងអស់ចូលរួមក្នុងកិច្ចការសង្គម សម្រាប់ជួយជាកំលាំងពិតរបស់សង្គម និងដើម្បីក្លាយជាទំពាំងស្នងឫស្សី ហើយពួកគេមិនចង់បានផលតបស្នងនោះឡើយ។

ក្រុមយុវជននេះក៏បានអំពាវនាវឱ្យយុវជនទាំងអស់ចូលរួមក្នុងសកម្មភាពសង្គម ដោយធ្វើសកម្មភាពមនុស្សធម៌ពិតៗ ដើម្បីបម្រើប្រជាពលរដ្ឋ និងជាតិកម្ពុជា៕