(ភ្នំពេញ)៖ បច្ចុប្បន្ននេះ មានតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា កំពុងតែជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ជួបប្រទះបញ្ហានិងត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ នៅក្នុងនោះដោយសារតែឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោកស្រី លាង ធារ៉ា និងស្វាមីលោកឧកញ៉ា ឌី ជោត បានចូលរួមថវិកា២ម៉ឺនដុល្លារ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ។

ទឹកជំនន់ឆ្នាំនេះបានវាយលក់ខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានដូចជា៖ ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ និងខេត្តមួយចំនួនទៀត កំពុងតែទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែជំនន់ទឹកភ្លៀង ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាក ផ្ទះសម្បែងលិចលង់ ហើយត្រូវអាជ្ញាធរជម្លៀសពួកគាត់ ទៅរកទីទួលមានសុវត្ថិភាព។

បើតាមលោកស្រី លាង ធារ៉ា ដែលជាអគ្គនាយិកាក្រុមហ៊ុន Theara Leang Co., Ltd បានឲ្យដឹងថា លោកស្រី និងស្វាមី បានរួមដំណើរជាមួយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងលោក ហេង សុជាតា អភិបាលស្រុកវាលវែង នាំយកអំណាយចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកវាលវែង។

លោកស្រីពិតជាខ្លោចចិត្តអាណិត បងប្អូនប្រជាពលរដ្ឋខ្មែរដែលជួបប្រទះគ្រោះទឹកជំនន់ខ្លាំងណាស់ ហើយអ្វីដែល លោកជំទាវអាចចូលរួម ចំណែកជួយពួកគាត់បាន ពេលនេះ គឺទឹកចិត្ត ហើយថវិកាដើម្បីទិញនូវសម្ភារៈគ្រឿងឧបភោគ-បរិភោគមួយចំនួន មានដូចជា៖ អង្ករ ១០គីឡូ, មីម៉ាម៉ា ១កេះ, ត្រីខ៥កំប៉ុង, សាប៊ូដុស១ដុំ, ប្រេងកូឡា១ខ្ល ទៅចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។

លោកស្រីបានប្រាប់ឲ្យដឹងថា លោកជំទាវ និងស្វាមី រួមជាមួយមិត្តភក្តិមួយចំនួនទៀត បានចូលរួមជាថវិកាប្រមាណ២ម៉ឺនដុល្លារ សម្រាប់រួមចំណែកជួយដល់ប្រជាជន ដែលរងគ្រោះដោយសារគ្រោះ ទឹកជំនន់ផងដែរ។ ជួយគ្នាពេលមានអាសន្ន ដើម្បីជាតិយើង អ្វីដែលលោកជំទាវអាចចូលរួម ចំណែកជួយសង្គមជួយប្រទេសជាតិបាន លោកជំទាវក៏តែងតែចូលរួមជាបន្តបន្ទាប់៕