(ភ្នំពេញ)៖ ក្រៅពីសហការជាមួយកងកម្លាំងផ្សេងៗ ដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នោះ ក្រុមសង្គ្រោះ៧១១ របស់កងពលលេខ៧០ បានចុះរើសសំរាម សំអាតបរិស្ថាន នៅបរិវេណទីទួលសុវត្ថិភាពនៅខណ្ឌដង្កោ ដែលជាទីតាំងជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ការចុះរើសសំរាម និងសំអាតបរិស្ថាននៅទីតាំងខាងលើក្រុមសង្គ្រោះ៧១១ របស់កងពលលេខ៧០ គឺដើម្បីចូលរួមបង្ការ មិនឱ្យកើតមានជំងឺផ្សេងៗ ដែលបង្កឡើងដោយសារតែសំរាម ចំណុចនេះគឺជាការយកចិត្តទុកដាក់ពីបញ្ហាសុខមាលរបស់ប្រជាពលរដ្ឋ បន្ថែមទៀតក្រៅពីការងារស្នូល ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះនឹងគ្រោះទឹកជំនន់។

យោងតាមអនុសាសន៍របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឱ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង សម្ភារសង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋតាមបណ្តាខេត្តនីមួយៗ។

ឆ្លើយតបនឹងបទបញ្ជាខាងលើនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្នុងទីបញ្ជាការកងពល បានដាក់បទបញ្ជាមួយបន្ទាន់ ឱ្យកម្លាំងទ័ពទាំងអស់កងពល រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងកងទ័ព នៃកងយោធពលខេមរភូមិន្ទ ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តមួយចំនួនរួចហើយផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្ថែមថា កម្លាំងទ័ពទាំងអស់ រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលបានត្រៀមខ្លួន និងត្រៀមសម្ភាររួចជាស្រេចក្នុងបេសកកម្មមួយនេះ នៅខណៈដែលរាល់ថ្ងៃតាមបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀតនៅកម្ពុជា៕