(បាត់ដំបង)៖ លោក អង្គរង្ស វឌ្ឍានា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី បានចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២០០គ្រួសារ (ស្មើនឹង៩១២នាក់) នៅក្នុងឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី កើត រិទ្ធ បានលើកឡើងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងដោយមានការចង្អុលបង្ហាញផ្ទាល់ពី សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ក្រុមការងារស្រុកមោងឬស្សីដែលមានទេសរដ្ឋមន្ដ្រី អង្គវង្ស វឌ្ឍានា ជាប្រធាន តែងតែតាមដានជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋទូទាំងស្រុកមោងឫស្សី។

ជាពិសេសនៅក្នុងស្ថានភាពទឹកជំនន់ នាពេលនេះ ក្រុមការងារបានខិតខំជួយដោះស្រាយ បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមិនឲ្យប្រជាពលរដ្ឋរងគ្រោះណាមួយ ខ្វះស្បៀងអាហារបរិភោគនោះឡើយ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ហើយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋខ្មែរ ដោយគ្មានការរើសអើង។

អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នោះ មួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៉ីអ៉ីវ ៦ដប និងទឹកសុទ្ធ១ធុង ស្មើ២០លីត្រ។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ក្រុមការងារចុះជួយស្រុកមោងឬស្សី រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកមោងឫស្សី និងសប្បុរសជនជាច្រើនរូប បានចុះជួយឧបត្ថម្ភជាបន្តបន្ទាប់នូវអង្ករ គ្រឿងឧបភោគបរិភោគ ទឹកស្អាត ជម្រកតង់ និងសម្ភារជាច្រើនទៀត ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានជាង១,៥០០គ្រួសារ។

ជាពិសេសកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរងគ្រោះ ជាង៥០០គ្រួសារ នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ក៏បានទទួលនូវព្រះរាជទានអំណោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ផងដែរ៕