(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទាន ទៅកាន់វត្តវិហារសំណរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិតឡើងដោយមហាឧបាសិកា តាំង បាក់សៀង លោកឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៉ឹង ស៉ីស្រ៊ន ព្រមទាំងក្រុមគ្រួសារ រួមជាមួយលោក លោកស្រី និងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែរអង្គកឋិនទាន នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

កម្មវិធីបុណ្យមានរយៈពេល ២ថ្ងៃ គឺ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត នមស្សការ និងសំដែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃបន្ទាប់ ក៏មានពិធីដង្ហែ អង្គកឋិនទានប្រទក្សិណចំនួន ៣ជុំវិញ ព្រះវិហារ នៅក្នុងបរិវេណវត្តវិហារសំណរ និងបានវេរប្រគេន ព្រះសង្ឃក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាទុកជាគរុភណ្ឌក្នុងវត្តវិហារសំណរ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ បានប្រារព្ធឡើង ស្របពេលដែលប្រទេសមានសន្តិភាព ក្រោម ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានជំរុញឲ្យគ្រប់វិស័យមានការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។

មួយចំណែកទៀតបានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទានសាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពី សណ្តាន ដែលបានចែកឋានទៅកាន់ បរលោក ខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលជូនចំពោះលោក លោកស្រី និង ពុទ្ធបរិស័ទ ចំណុះជើងវត្តជាអ្នកផ្តើមបុណ្យ សូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនរៀងរហូតតទៅ។

ជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលកឋិនទាន មហាឧបាសិកា តាំង បាក់ហៀង ព្រមទាំង លោកឧកញ៉ា លោកជំទាវឧកញ៉ា និងក្រុមគ្រួសារ ថ្នាក់ដឹកនាំ អស់លោក និង លោកស្រី តែងតែអញ្ជើញ ចូលរួម ធ្វើបុណ្យ ធ្វើទានជាមួយពុទ្ធបរិស័ទ ព្រមទាំងបាននាំយកនូវគ្រឿងសក្ការបូជា រួមមាន ទៀនធូប ផ្កា ភ្ញី បូជាចំពោះ ព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ រួម នឹងបច្ច័យយកមកប្រគេនព្រះសង្ឃ និងបង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការី ជន ជីដូនជីតាញាតិការទាំង៧សន្ដានដែលបាន ចែកឋានទៅកាន់បរលោកខាងមុខ សូមឱ្យមក ទទួលនូវផល្លាអានិសង្ស ដែលកូនចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃនាបុណ្យនេះ ឱ្យបានទៅសោយសុខនៅទីឋានបរមសុខ គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕