(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន៦៤គ្រួសារ រស់នៅភូមិជ្រាវ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទទួលបានអំណោយពីលោកឧញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ក្នុងនោះ មានគ្រួសាររងប៉ះពាល់ខ្លាំង ចំនួន២០គ្រួសារ រងប៉ះមធ្យមមាន២២គ្រួសារ និងប៉ះពាល់ធម្មតា២២គ្រួសារ។

លោក លីវ លាងគារ អភិបាលស្រុកថ្ពង បានថ្លែងថា ការផ្ដល់អំណោយនេះ សម្រាលការលំបាកដោយផ្ទាល់ និងសូមផ្តាំផ្ញើសួរសុខទុក្ខ អាណិតអាសូរ និងសូមចូលរួម ការសោកស្តាយ ជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវ ជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមាន៖

* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។

* សូមគិតគូរថែទាំសុខភាពឲ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពារ របស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមធម្មតាបែបគន្លងថ្មី។

* សូមប្រុងប្រយ័ត្ន និងការពារកុំឲ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីកជាដើម។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដប៕