(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឈរជើងនៅខេត្តបន្ទាយមានជ័យអស់ជាច្រើនថ្ងៃមកហើយ ដើម្បីដឹកនាំកម្លាំងដោះស្រាយបញ្ហាជន់លិច និងផលប៉ះពាល់នៅក្នុងខេត្ត។

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ មុននឹងបន្តដំណើរចុះចែកស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកមង្គលបុរី ក៏ដូចជាទៅស្រុកថ្មពួកនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានឆ្លៀតស្វាគមន៍ចំពោះដំណើររបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថៅកែក្រុមហ៊ុន «ឡេង ណាវ៉ាត្រា» និងជាម្ចាស់ផលិតកម្ម «ហ្កាឡាក់ស៊ី ណាវ៉ាត្រា» ព្រមទាំងតារាចម្រៀងល្បីនៅក្នុងផលិតកម្មនេះ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀងល្បីៗក្នុងផលិតរបស់លោកមានដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកុមារី អ៊ុក សុវណ្ណារី នៅព្រឹកថ្ងៃនេះ បានធ្វើដំណើរចុះមកស្រុកមង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងអាហារហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិច។

ក្នុងពេលស្វាគមន៍លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀងរបស់ផលិតកម្ម «ហ្កាឡាក់ស៊ី ណាវ៉ាត្រា» លោកទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណចំពោះការរួមចំណែករបស់លោកឧកញ៉ា ក្នុងសកម្មភាពមនុស្សជួយរំលែកការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកកាយវិការរបស់ឧកញ៉ា មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។

«ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ»។ លោកទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា។

ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងហេតុការណ៍គ្រោះជំនន់ទឹកភ្លៀងនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រៅតែពីការដឹកស្បៀងចុះចែកដោយផ្ទាល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋលិចលង់នៅស្រុកមង្គលបុរីហើយនោះ លោកក៏បានជូនថវិកាប្រមាណ ៦០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

តាមរយៈបទសម្ភាសន៍ផ្ទាល់ជាមួយ Fresh News ក្នុងពេលចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋ លោកឧកញ៉ា ឡេង ណាវ៉ាត្រា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»

ពាក់ព័ន្ធទឹកជំនន់នេះ ឧកញ៉ាដែលធ្លាប់ហែលឆ្លងភាពលំបាកនៃជីវិតពីអតីតកាលនៅដែនដីជនបទក្នុងខេត្តព្រៃវែងរូបនេះ បាននឹកដល់ការលំបាករបស់ខ្លួន និងគ្រួសារ ព្រោះទឹកជំនន់កាលពីអំឡុងឆ្នាំ២០០០ផងដែរ។ លោកឧកញ៉ា បានបញ្ជាក់បែបនេះ «សម្រាប់ខ្ញុំពាក់ព័ន្ធទឹកជំនន់នេះ វាជាអនុស្សាវរីយ៍មួយដែលខ្ញុំចាំមិនភ្លេច។ កាលឆ្នាំ២០០០ កាលណោះគ្រួសារខ្ញុំលិចអស់ហើយ អត់មានអីហូបទេ។ ខ្ញុំគិតថា បើបានតែអង្ករតែមួយបាវ វាមានតម្លៃជាងមិនដែលស្គាល់ឡានទំនើប...។ យើងគិតថា បានមួយប៉េមក គឺមានតម្លៃណាស់ អ៊ីចឹងពេលនេះ ជាពេលដែលយើងត្រូវចែលរំលែកដល់គាត់ អ្នកដែលលំបាកក៏ដូចខ្ញុំពីមុន។ អ៊ីចឹងហើយបានខ្ញុំចែករំលែកលើកនេះ វាខុសពីរាល់ដង ដោយសារតែខ្ញុំគិតថាជារឿងដែលខ្ញុំជួបប្រទះពេលមុន អ៊ីចឹងវាជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន»

លោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខទឹកជំនន់។

លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំគិតថាសកម្មភាពរបស់ពួកគាត់ [កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ] គឺល្អមែនទែន ហើយខ្ញុំរំភើបស្ទើរតែស្រក់ទឹកភ្នែក។ និយាយដោយត្រង់ទៅ ខ្ញុំឃើញក្រុមការងារ គាត់ប្រឹងប្រែងៗមែនទែន មានន័យថា អីឡូវហ្នឹងយើងមើលឃើញថា កាន់តែមានការស្រឡាញ់ ការយកចិត្តទុកដាក់ជាមួយគ្នា។ សប្បុរសធម៌កើនកាន់តែច្រើន និងការជ្រោមជ្រែងជួយគ្នាឲ្យបងប្អូនខ្មែរយើងទាំងអស់ស្រឡាញ់គ្នា កាន់តែជួយគ្នា។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា សកម្មភាពថ្នាក់ដឹកនាំទាំងអស់ គឺគាត់ចុះមកផ្ទាល់ៗហើយផ្តល់ភាពកក់ក្តៅដល់ប្រជាជនមែនទែន...»

សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី១៩ ខែតុលា នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បន្ទាប់ពីស្វាគមន៍វត្តមានលោក ឡេង ណាវ៉ាត្រា និងតារាចម្រៀងផលិតកម្ម «ហ្កាឡាក់ស៊ី ណាវ៉ាត្រា» រួចទៅ ក៏បានបន្តដំណើរចុះទៅកាន់ស្រុកថ្មពួក ពិនិត្យស្ថានភាពជន់លិច និងផលប៉ះពាល់នៅក្នុងស្រុកនេះ៕