(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៤ នឹងបើកដំណើរការឡើងវិញនៅយប់នេះ ចាប់ពីម៉ោង១២៖០០នាទីយប់តទៅ ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញឡើងវិញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ការបើកដំណើរការឡើងវិញនេះ ដោយសារពិនិត្យឃើញថា ស្ថានភាពទឹកនៅលើផ្លូវជាតិលេខ៤នេះ មានការស្រកចុះ ជាមួយគ្នានេះ ក៏ដើម្បីជួយសម្រួលកុំឲ្យមានការកកស្ទះទំនិញ ដែលត្រូវដឹកចេញមកពីកំពង់ផែក្រុងព្រះសីហនុ ចូលមកក្នុងរាជធានីភ្នំពេញផងដែរ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ដោយឡែកសម្រាប់ផ្លវជាតិលេខ៣ និងផ្លូវជាតិលេខ៥ នៅមិនទាន់អាចបើកដំណើរការវិញបានទេ រង់ចាំមើលស្ថានភាពទឹកបន្តទៀតសិន ដូចនេះពលរដ្ឋដែលដឹកទំនិញពីប៉ោយប៉ែត ទៅកាន់រាជធានីភ្នំពេញ ត្រូវដឹកតាមផ្លូវជាតិលេខ៦បន្តទៀតសិន រង់ចាំទឹកស្រកបន្តិចសិន ដើម្បីបើកដំណើរការផ្លូវជាតិលេខ៥វិញ៕