(ភ្នំពេញ)៖ ដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការការីតាស់កម្ពុជា បន្តប្រគល់អូប័រ និងទូកស្មាច់ ដល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីទុកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ពិធីប្រគល់ និងទទួលអូប័រ និងទូកស្មាច់នេះ បានធ្វ់ឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ហង្ស សាមឿន តំណាងលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរខេត្តស្ទឹងត្រែង ហើយភាគីអង្គការការីតាស់កម្ពុជា គឺលោក គឹម រតនា ជានាយកប្រតិបត្តិប្រធានអង្គការការីតាកម្ពុជា។

 លោក គឹម រតនា បានឱ្យដឹងថា សម្រាប់អំណោយសប្បុរសធម៌ពេលនេះ មានសម្ភារៈ និងទូកស្មាច់អូប័រកៅស៊ូ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដល់ខេត្តគោលដៅដែលកំពុងរងនូវទឹកជំនន់ដូចខាងក្រោមខេត្តកណ្តាល បានទទួួលទូកស្មាច់ ចំណុះ ៧-១០នាក់ ចំនួន ៤គ្រឿង, អូប័រកៅស៊ូតូច៣គ្រឿង, សាលារាជធានីភ្នំពេញ ទទួលបានទូកស្មាច់ចំណុះ ៦នាក់ចំនួន ៣គ្រឿង និងអូប័រកៅស៊ូតូច ៣គ្រឿង, សាលាខេត្តស្ទឹងត្រែង ទូកស្មាច់ចំណុះ ៧-១០នាក់ ចំនួន៤គ្រឿង និងជូនទីបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ដើម្បីទុកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះអូប័រកៅស៊ូចំណុះ ៨នាក់ ចំនួន៣គ្រឿង និងអូប័រកៅស៊ូតូច ៣គ្រឿង។

លោក ហង្ស សាមឿន បានថ្លែងថា ទូកម៉ាស៊ីនធ្វើអំពីស្មាច់ និងអូប័រពោងដែលជាអំណោយរបស់អង្គការការីតាស់កម្ពុជា ក្នុងពេលនេះគឺជាដៃគូដ៏ល្អ ដែលកន្លងមកបានរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយប្រជាពលរដ្ឋជាច្រើនគម្រោងពិសេសក្នុងការឆ្លើយតប ទៅការងារគ្រោះមហន្ដរាយដូចជាការ៖ ផ្តល់សម្ភារៈ បង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជំនួយសង្គ្រោះជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ។

តំណាងលោក ទេសរដ្ឋមន្ត្រី គន់ គីម លោកបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍រួមមាន៖ អង្គការស្បៀងអាហារពិភពលោក (World Food Program, អង្គការសុខភាពពិភពលោក (WHO), អង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ព្រមទាំងអង្គការអន្តរជាតិ និងអង្គការដៃគូជាច្រើនទៀត។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំណរគុណដល់សប្បុរសជន ក៏ដូចជាអង្គការការីតាស់កម្ពុជា តាមរយៈគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលបានចូលរួមឧបត្ថម្ភទូកម៉ាស៊ីន ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំន់ទឹកភ្លៀង ក៏ដូចជាការរួមចំណែកដ៏ធំធេង ក្នុងការជួយសង្គ្រោះពលរដ្ឋ ឱ្យរួចផុតពីការលិចលង់ផងដែរ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកចិត្តដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្ដយកចិត្តទុកដាក់ជួយសង្គ្រោះ ជម្លៀសនៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ ត្រូវយកចិត្តទុកការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ និងមិនត្រូវឱ្យប្រជាជនស្លាប់ដោយសារលង់ទឹកនោះទេ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងជាពិសេសអង្គការដៃគូអភិវឌ្ឍន៍ ដែលវត្តមានអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕