(បន្ទាយមានជ័យ)៖ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានឧបត្ថម្ភអង្ករចំនួន១០តោន និងមីចំនួន១០កេសធំ ជូននាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញាន សម្រាប់ប្រើប្រាស់ជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង តាមបណ្តាក្រុងស្រុក ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយចំណោមរាជធានី-ខេត្តទាំង១៩ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។ នេះតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន Fresh News។

របាយការណ៍បន្តថា រាជធានី-ខេត្ត១៩ ស្មើ៩១ក្រុង/ស្រុក/ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ដោយប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់, ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់ ប្រជាជនស្លាប់២៥នាក់, ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត ៥៦ខ្នង, សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង, ស្រូវលិចទឹកប្រមាណ ២១៣,២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ៕