(ភ្នំពេញ)៖ ដោយសារប៉ុន្មានសប្តាហ៍មកនេះ ទឹកភ្លៀង បានបង្អុរធ្លាក់ជាបន្តបន្ទាប់ លិចវាលស្រែនៅតំបន់ទំនាប ដែលខ្វះទឹកកន្លងមក ដែលជាហេតុធ្វើឲ្យសត្វកណ្តុរ បានបម្លាស់ទីទៅប្រមូលផ្តុំតំបន់ទួល។

ស្របនឹងពេលនេះ ស្រូវផ្ការំដួល ចូលដល់ដំណាក់កាលផើមនិងចេញកួរ ចេញផ្កា ហើយមួយចំនួនចូលដល់ដំណាក់កាលដាក់ទឹកដោះ បានក្លាយជាប្រភពទាក់ទាញ សត្វកណ្តុរ ដែលស្វែងរកចំណី។ ជាក់ស្តែងនៅភូមិសាស្ត្រឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ស្រូវពូជផ្ការំដួល ប្រមាណ៨០ហិកតា ត្រូវកណ្តុរកាត់ស៊ីខូចខាតទាំងស្រុង បន្ទាប់ពីស្តារឡើងវិញ។

ហេតុនេះ ដើម្បីទប់ស្កាត់ការបំផ្លាញស្រូវពីសត្វកណ្តុរបន្តទៀត មន្ត្រីជំនាញនៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានចុះសំណេះសំណាល ដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដោយធ្វើការណែនាំ និងបង្ហាញដល់បងប្អូនប្រជាកសិករ ត្រូវចុះពិនិត្យស្រែឲ្យបានជាប្រចាំ តាមដាន ពិនិត្យវត្តមានសត្វកណ្តុរ និងយកចិត្តទុកដាក់ខ្ពស់ ចូលរួមទប់ស្កាត់ និងកម្ចាត់សត្វកណ្តុរ តាមវិធីសាស្ត្រមួយចំនួនដូចតទៅ ៖

១៖ ដាក់បំពង់ឬស្សី ឬ ទុយោ នៅក្បែរភ្លឺស្រែ ឬដាក់សម្រាស់ជាគំនរៗ ជាជម្រកសត្វកណ្តុរ ដើម្បីចាប់កណ្តុរ
២៖ ដាក់នុយបំពុល ដោយផ្លាស់ប្តូរប្រភេទនុយជាប្រចាំ
៣៖ ប្រើអង្គប់ចាប់កណ្តុរ
៤៖ ថែរក្សាសត្វប្រេដាទ័រ ដូចជា ពស់ថ្លាន់ ទីទុយ ខ្លែងស្រាក -ល-
៥៖ ត្រូវបំផ្លាញជម្រក និងកម្ចាត់កណ្តុរ ជាសហគមន៍ (កសិករទាំងអស់ ចូលរួមកម្ចាត់ព្រមគ្នា ក្នុងពេលតែមួយ)៕