(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះអប់រំបញ្ហាសុខភាព ជាពិសេសគឺជំងឺកូវីដ-១៩ និងបានចែកជូនថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺមួយចំនួន ជូនប្រជាពលរដ្ឋរស់នៅក្នុស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាអំឡុងពេលដែលកម្ពុជា នាពេលបច្ចុប្បន្នកំពុងតែជួបបញ្ហាជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។

ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីបញ្ហាសុខភាពរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមខ្នងផ្ទះតាមតំបន់ដាច់ស្រយាល នៅភូមិអន្លង់សង្កៃ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោក ជៀង គឹមឡុង, លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី, កញ្ញា ថាច់ រតនា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី។

សូមជម្រាបជូនថា ការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ និងការផ្សព្វផ្សាយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ, សាខាសកម្មជនក្រុមការងារយុវជន គណបក្សរាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំលោក ម៉ូង ធី។

នាឱកាសនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានផ្សព្វផ្សាយអប់រំណែនាំ អំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត វិធីបង្ការគ្រុនចាញ់, គ្រុនឈាម និងគ្រុនឈិកបូករួមនិងជំងឺផ្សេងៗទៀត។

លោក លេង ផាលី និងក្រុមការងារទាំងអស់ ក៏បានពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន៖ ចែកថ្នាំពេទ្យ និងពិនិត្យព្យាបាល, ជំងឺផ្តាសាយ, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន, ជំងឺទូទៅ និងបានចែកថ្នាំ មុលទីវីតាម៉ីន, វីតាម៉ីនសេ ព្រមទាំងចែកអាល់កុល និងថ្នាំពេទ្យមួយចំនួនទៀត។

ជាមួយគ្នានោះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ ក្នុងនោះមានស្រ្តី១០នាក់ ជាមួយនឹងការផ្តល់អំណោយមួយចំនួនដូចជា៖

១៖ អង្ករសែនក្រអូម១០០% ស្មើ២៥គីឡូក្រាម, ២៖ មី១កេះស្មើ៣៦កញ្ចប់ ៣៖ ត្រីខ១យួ ស្មើនឹង១២កំប៉ុង, ៤៖ ទឹកត្រី១យួស្មើ៦ដប, ៥៖ ទឹកសាអីវ១យួរ ស្មើ៦ដប, ៦៖ ប្រេងឆា១ដបស្មើ២លីតកន្លះ និង
៧៖ ថវិកា៤ម៉ឺនរៀល។

លោក លេង ផាលី ក៏បានអំពាវនាវជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចៀសវាងពីជំងឺផ្សេងៗនាអំឡុងពេលជំនន់ទឹកភ្លៀង នាពេលបច្ចុប្បន្ននេះ និងជាពិសេសត្រូវមានការប្រុងប្រយ័ត្នសត្វធាតុផ្សេងៗ ក្រែងមានករណីចឹក និងទិចជាដើម និងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។

លោកក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ្លេចខ្លួនជាមួយជំងឺកូវីដ-១៩ ទោះបីជាកម្ពុជាកំពុងជួបបញ្ហាជំនន់ទឹកភ្លៀងក្តី។

លោក លេង ផាលី ក៏បានលើកទៀតថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»

គួរជម្រាបថា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី និងក្រុមការងារសហការទាំងអស់ក៏បានចុះមើលជំនន់ទឹកភ្លៀង នៅនៅភូមិអន្លង់សង្កៃ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបានពាំនាំជូនអំណោយមួយចំនួនជូនប្រជាពលរដ្ឋក្នុងស្រុកផងដែរ៕