(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើកដៃប្រណមអំពាវនាវ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានអំឡុងទឹកជំនន់នេះ។

សារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖

១៖ សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់ ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។

២៖ សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ នាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។

៣៖ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារ ត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។

៤៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

៥៖ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទម្លាប់រស់នៅធម្មតាបែបគន្លងថ្មី តាមវិធានការពារ ណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវរក្សាគម្លាតបុគ្គល និងសង្គម ត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូឱ្យស្អាតជានិច្ច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។

សារអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិមិនអាចស្មានបាន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជក់ថា «មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ខ្ញុំយើងទាំងអស់ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទំាងអស់ ចូលរួមចំណែក រួមសុខ រួមទុកជាមួយពលរដ្ឋយើងទាំងអស់ ជាពិសេស នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺតែងគែគិតគូរចាត់ចែងការងារ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋយើងទាំងអស់ ទាំងពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោនេះ និងពលរដ្ឋដែលងាយរងគ្រោះទូទាំងប្រទេសផងដែរ»

សូមសូមបញ្ជាក់ថា អំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានពីសប្បុរសជន បានផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ ក្នុងមួយគ្រួសារទទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកសុទ្ធ១កេស, ឃីត១ (មុង ភួយ ខ្នើយ កន្ទេល), និងថវិកា៥ម៉ឺនរៀល។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់ ក៏ទទួលបានអំណោយរបស់ កាកបាទក្រហមកម្ពុជា ដែលគ្រួសារនីមួយៗទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង និងទឹកសុទ្ធ១កេស។

ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកកម្ពុជា បានប្រគល់ថវិកាចំនួន ១០០លានរៀល ជូន លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែងទិញស្បៀង បន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ បង្កដោយទឹកជំនន់ នៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់។

សម្រាប់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាសាខាទី៥ហើយ ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខាចំនួន៤ រួមមាន៖ សាខាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលបានទទួលកាលពីពេលថ្មីៗនេះ៕